ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ សមាគមនារីក្រសួងទេសចរណ៍ បានខិតខំប្រឹងប្រែងទទួលបានសមិទ្ធផលការងារគួរជាទីមោទនៈ ដោយឈរលើស្មារតីរួមគ្នាគិត, រួមធ្វើ, រួមទទួលខុសត្រូវ

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ សមាគមនារីក្រសួងទេសចរណ៍ បានខិតខំប្រឹងប្រែងទទួលបានសមិទ្ធផលការងារគួរជាទីមោទនៈដោយឈរលើស្មារតីរួមគ្នាគិត, រួមធ្វើ, រួមទទួលខុសត្រូវ ក្រោមការណែនាំតម្រង់ទិស និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍

ក្រសួងទេសចរណ៍បានប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ខួបទី១១៥ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្រ្តី និងគ្រួសារ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍។

ក្នុងពិធីដ៏ប្រពៃថ្លៃថ្លានេះ មានការអញ្ជើញចូលរួមផ្តល់កិត្តិយសពីសំណាក់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ សុង ធីតា ប្រធានកិត្តិយសសាខាសមាគមនារីក្រសួងទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានារីក្នុងក្របខ័ណ្ឌក្រសួងទេសចរណ៍ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តំណាងក្រសួងកិច្ចការនារី មន្ត្រីជាប់កិច្ចសន្យាជានារី និងតំណាងពីគ្រប់ផ្នែកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ សរុបប្រមាណ ៣៥០នាក់។

ឆ្លៀតក្នុងឱកាសពោរពេញដោយអត្ថន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគោរពសម្ដែងនូវកតញ្ញុតាធម៌ គោរពដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគំរូវីរភាពដ៏ឧត្ដុង្គឧត្ដមរបស់ សម្តេចកត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ៣អាណត្តិគឺ រាជរដ្ឋាភិបាលនីតិកាលទី៣, នីតិកាលទី៥ និងទី៦ នៃរដ្ឋសភា។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចថា សម្តេចកិត្តិសង្គហបណ្ឌិត ជាថ្នាក់ដឹកនាំមួយរូបប្រកបដោយគតិបណ្ឌិតដែលបានបន្សល់ទុកនូវស្នាដៃ និងសមិទ្ធផលយ៉ាងច្រើននិងក៏ជាអ្នកម្ដាយប្រកបដោយព្រហ្មវិហារធម៌ដ៏មហិមាមិនអាចកាត់ថ្លៃបាន ដែលតែងតែមានទឹកចិត្តសណ្តោសប្រណី មានមេត្តាករុណានិងមនុស្សធម៌ដ៏ប្រពៃ ជាមេ ជាម្លប់ដ៏ត្រជាក់ដល់កូនចៅគ្រប់ៗគ្នា ទាំងនៅក្នុង និងក្រៅស្ថាប័ន, ជាពិសេសការយកចិត្តទុកដាក់លើការលើកកម្ពស់សមត្ថភាពស្ត្រី និងសុខទុក្ខរបស់ស្ត្រីជាប់ជាប្រចាំ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចបន្ថែមថា ក្រសួងទេសចរណ៍ បាននឹងកំពុងបន្តការគាំទ្រយ៉ាងសកម្មលើការងារលើកកម្ពស់សមភាពយេនឌ័រនិងបង្កើនភាពអង់អាចដល់ស្ត្រី ជំរុញការចូលរួមរបស់ស្ត្រីក្នុងការសម្រេចចិត្ត រួមទាំងការបន្តលើកទឹកចិត្តដល់ស្ត្រីក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយសមធម៌ និងសមភាព តាមរយៈការបន្តគិតគូរដល់ស្ត្រីដែលបម្រើការក្នុងវិស័យមាសបៃតង ស្របតាមអនុសាសន៍គន្លឹះទាំង១២ ចំណុចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានកិត្តិយសទី២ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី, ផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨, យុទ្ធសាស្ត្រលើកកម្ពស់យេនឌ័រនៅក្នុងវិស័យទេសចរណ៍ និងកម្មវិធីអភិវឌ្ឍនានារបស់ក្រសួង។

ថ្លែងក្នុងពិធីដ៏អធិកអធមនេះ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងបញ្ជាក់ថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា តែងតែរៀបចំប្រារព្ធទិវានារីអន្តរជាតិ៨មីនានិងបង្កើតឱ្យមានយុទ្ធនាការនានាក្នុងគោលបំណងរំលឹកពីការតស៊ូទាមទារសិទ្ធិសេរីភាពនិងឆ្លុះបញ្ចាំងអំពីវឌ្ឍភាពសមិទ្ធផលបញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងសី ដោយបានកំណត់ទិវានេះជាថ្ងៃឈប់សម្រាកផ្លូវការផងដែរ។

ទន្ទឹមនឹងនេះ សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថាទិវានារីអន្តរជាតិ៨មីនា ឆ្នាំ២០២៦នេះ ត្រូវបានប្រាព្ធធ្វើឡើងក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ក្នុងគោលបំណងបង្ហាញអំពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ និងការចូលរួមចំណែកយ៉ាងសកម្មរបស់ស្ត្រី ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាង និងថែរក្សាសន្តិភាព ព្រមទាំងអំពាវនាវឱ្យមានកិច្ចអន្តរាគមន៍បន្ទាន់ក្នុងការការពារនិងលុបបំបាត់នូវរាល់ឧបសគ្គរារាំងដែលមានផលអវិជ្ជមានដល់ស្ត្រីនិងគ្រួសារដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រជូនគ្រួសារពង្រឹងសហគមន៍ និងវឌ្ឍនភាពសង្គមជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ពិធីអបអរសាទរខួបលើកទី១១៥ ទិវានារីអន្តរជាតិ៨មីនា (៥-មីនា-២០២៦) ស្ថិរភាពសង្គម និងវិបុលភាពសង្គម។

ទីស្តីការក្រសួងទេសចរណ៍ ព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦

Leave a Reply

Your email address will not be published. Required fields are marked *