
ឥណ្ឌាប្រកាសការព្រមានទូទាំងប្រទេស ក្រោយរកឃើញករណីវីរុស Nipah ចំនួន២ នៅមន្ទីរពេទ្យមួយ
ប្រទេសឥណ្ឌាបានប្រកាសការព្រមានជាតិ និងដាក់ចេញវិធានការការពារ រួមមានការដាក់ឱ្យនៅដាច់ដោយឡែក ការតាមដាន និងការត្រួតពិនិត្យសុខភាពយ៉ាងតឹងរ៉ឹង បន្ទាប់ពីមានការបញ្ជាក់ករណីឆ្លងវីរុស Nipah ចំនួន ២ ករណី នៅមន្ទីរពេទ្យឯកជនមួយក្នុងរដ្ឋ West Bengal។
តាមការរាយការណ៍ ករណីទាំងពីរនេះគឺជាគិលានុបដ្ឋាយិកា ដែលបម្រើការនៅមន្ទីរពេទ្យ Narayana Multispeciality Hospital ស្ថិតនៅទីក្រុង Barasat ដែលមានចម្ងាយប្រហែល ១៦ ម៉ាយពីទីក្រុងកុលកាតា (Kolkata)។
អាជ្ញាធរសុខាភិបាលបានបញ្ជាក់ថា មួយក្នុងចំណោមអ្នកឆ្លងកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈដែលករណីនេះបានបង្កការព្រួយបារម្ភថា វីរុស Nipah ដែលជាជំងឺកម្រ និងផ្ទុកដោយសត្វប្រចៀវ អាចមានការរីករាលដាលដោយមិនត្រូវបានរកឃើញ។
លោក Narayan Swaroop Nigam អគ្គលេខាធិការនៃក្រសួងសុខាភិបាល និងសុខុមាលភាពគ្រួសារ រដ្ឋ West Bengal បានប្រាប់សារព័ត៌មាន The Telegraph ថា៖ “គិលានុបដ្ឋាយិកាពីរនាក់នៅមន្ទីរពេទ្យឯកជនមួយបានឆ្លងវីរុស Nipah ហើយម្នាក់ក្នុងចំណោមពួកគេកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។”
បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ចកំពុងអនុវត្តវិធានការតាមដាន និងការពារយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។
គិលានុបដ្ឋាយិកាទាំងពីរនាក់បានបំពេញកាតព្វកិច្ចរួមគ្នារវាងថ្ងៃទី ២៨ ដល់ ៣០ ខែធ្នូ។ ចាប់ពីថ្ងៃទី ៣១ ខែធ្នូ ដល់ថ្ងៃទី ២ ខែមករា ពួកគេបានចាប់ផ្តើមមានអាការៈគ្រុនក្តៅខ្លាំង និងមានបញ្ហាដង្ហើមលំបាក ហើយត្រូវបានបញ្ជូនចូលសម្រាកព្យាបាលនៅផ្នែកថែទាំពិសេស (ICU) នៃមន្ទីរពេទ្យនៅថ្ងៃទី ៤ ខែមករា បន្ទាប់ពីស្ថានភាពសុខភាពរបស់ពួកគេកាន់តែធ្ងន់ធ្ងរ។
ការស៊ើបអង្កេតដំបូងបានបង្ហាញថា គិលានុបដ្ឋាយិកាទាំងពីរ ដែលម្នាក់ក្នុងចំណោមពួកគេស្ថិតក្នុងស្ថានភាពសន្លប់ (coma) អាចបានឆ្លងវីរុសនេះ ខណៈពេលពួកគេកំពុងថែទាំអ្នកជំងឺម្នាក់ដែលមានរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ។ អ្នកជំងឺនោះបានស្លាប់មុនពេលអាចធ្វើតេស្តបញ្ជាក់បាន នេះបើយោងតាមប្រភពមួយនៅមន្ទីរពេទ្យ។
មន្ត្រីសុខាភិបាលជាន់ខ្ពស់ម្នាក់ ដែលចូលរួមក្នុងការតាមដានជំងឺ Nipah នៅរដ្ឋ West Bengal បានថ្លែងថា៖ “ប្រភពឆ្លងដែលមានសក្តានុពលខ្ពស់បំផុត គឺអ្នកជំងឺម្នាក់ដែលធ្លាប់ត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យដូចគ្នានេះ។ បុគ្គលនោះកំពុងត្រូវបានចាត់ទុកថាជាករណីដំបូងដែលគេសង្ស័យ ហើយការស៊ើបអង្កេតនៅតែបន្តដំណើរការ។”
ការផ្ទុះជំងឺនេះបានជំរុញឱ្យអាជ្ញាធរសុខាភិបាលដាក់ចេញវិធានការបន្ទាន់ រួមមានការដាក់ឱ្យនៅដាច់ដោយឡែក ការតាមដានសុខភាព និងការស្វែងរកអ្នកពាក់ព័ន្ធជិតស្និទ្ធនៅក្នុងតំបន់។
រហូតមកដល់ពេលនេះ មានមនុស្សចំនួន ១៨០ នាក់ត្រូវបានធ្វើតេស្ត ហើយមានអ្នកពាក់ព័ន្ធដែលមានហានិភ័យខ្ពស់ចំនួន ២០ នាក់ ត្រូវបានដាក់ឱ្យនៅកន្លែង (quarantine)។
លោក Nigam បានបញ្ជាក់ថា៖ “ពួកគេទាំងអស់គ្មានរោគសញ្ញា ហើយលទ្ធផលតេស្តក៏អវិជ្ជមានផងដែរ។ យើងនឹងធ្វើតេស្តម្តងទៀត មុនពេលការដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ២១ ថ្ងៃត្រូវបញ្ចប់។”


