សេចក្តីប្រកាសព័ត៌មានលទ្ធផលកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៩ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន។

កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន លើកទី ២៩ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន សេចក្តីប្រកាសព័ត៌មានរួម ១. កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន លើកទី ២៩ (M-ATM) បានរៀបចំឡើងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ក្រោមអធិបតីភាពរបស់ លោកជំទាវ គ្រីស្ទីណា ហ្គាសៀ ប្រាសស្កូ (H.E. Christina Garcia Frasco) រដ្ឋមន្ត្រីក្រសួងទេសចរណ៍ហ្វីលីពីន។ កិច្ចប្រជុំនេះត្រូវបានរៀបចំបន្ទាប់ពីកិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ានលើកទី ៦៣ (NTOs) និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធជាមួយដៃគូសន្ទនានានា។ ២. កិច្ចប្រជុំបានកត់សម្គាល់អំពីវឌ្ឍនភាពការងារសំខាន់ៗ ដែលសម្រេចបានក្រោមផែនការយុទ្ធសាស្ត្រ ទេសចរណ៍អាស៊ាន (ATSP) ឆ្នាំ២០១៦-២០២៥ ដែលបានពង្រឹងជំហររបស់អាស៊ានជា គោលដៅទេសចរណ៍ប្រកបដោយគុណភាព និងនិរន្តរភាព។ សមិទ្ធផលសំខាន់ៗរួមមាន៖ ការអនុវត្ត ស្តង់ដាទេសចរណ៍អាស៊ាន ការបន្តដាក់ឱ្យប្រើប្រាស់កិច្ចព្រមព្រៀងទទួលស្គាល់គ្នា ទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍ (MRA-TP) និងការពង្រឹងទីផ្សារទេសចរណ៍តំបន់ និង ការផ្សព្វផ្សាយរួមគ្នា ដើម្បីធ្វើឱ្យអាស៊ានក្លាយជាគោលដៅទេសចរណ៍រួមប្រកបដោយគុណភាព ខ្ពស់ និងនិរន្តរភាព។ កិច្ចប្រជុំបានកត់សម្គាល់ពីការបញ្ចប់ផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន (ATSP) ឆ្នាំ២០១៦-២០២៥ ថាជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការនៅ ដំណាក់កាលបន្ទាប់ដើម្បីការអភិវឌ្ឍទេសចរណ៍ក្នុងតំបន់។ ៣. កិច្ចប្រជុំបានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះការងើបឡើងវិញជាវិជ្ជមាន ជាបន្តបន្ទាប់ នៃវិស័យទេសចរណ៍អាស៊ាន។ តួលេខបឋមបានបង្ហាញថា អាស៊ានបានកត់ត្រានូវចំនួនភ្ញៀវ ទេសចរអន្តរជាតិប្រមាណ ១៤៤ លាននាក់ក្នុងឆ្នាំ ២០២៥ ដែលឆ្លុះបញ្ចាំងពីនិន្នាការកើនឡើង ជាបន្តបន្ទាប់ គាំទ្រដោយវិធានការបសិដ្ឋកម្មការតភ្ជាប់ ពិពិធកម្មទេសចរណ៍ និងពង្រឹងកិច្ចខិតខំ ប្រឹងប្រែងផ្នែកទីផ្សារ និងផ្សព្វផ្សាយ។ ៤. កិច្ចប្រជុំបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តលើកកម្ពស់ទេសចរណ៍ប្រកបដោយនិរន្តរភាព បរិយាបន្ន ភាពធន់ និងគុណភាព ស្របតាមសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ានស្តីពី ទេសចរណ៍ប្រកបដោយគុណភាពដែលបានអនុម័តនៅឆ្នាំ២០២៥។ កិច្ចប្រជុំក៏បានបន្តគូសបញ្ជាក់ ពីសារៈសំខាន់នៃការអនុវត្តផែនការវិស័យទេសចរណ៍អាស៊ាន ឆ្នាំ២០២៦-២០៣០ និងយុទ្ធសាស្ត្រទីផ្សារទេសចរណ៍អាស៊ាន ឆ្នាំ២០២៦-២០៣០ ដើម្បីដឹកនាំសកម្មភាពរួមគ្នា ពង្រឹងការកសាង កិត្តិនាម និងបង្កើនការផ្សព្វផ្សាយទេសចរណ៍តំបន់អាស៊ាន ក្នុងឆ្នាំខាងមុខបន្តបន្ទាប់។ ៥. កិច្ចប្រជុំបានលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីអនុវត្តយុទ្ធសាស្ត្រទីផ្សារ ទេសចរណ៍អាស៊ាន ឆ្នាំ២០២៦-២០៣០ ដោយផ្តោតសំខាន់លើការផ្សព្វផ្សាយតំបន់អាស៊ីអាគ្នេយ៍ ជាគោលដៅទេសចរណ៍តែមួយ ដោយរលូន និងមានគុណភាពខ្ពស់ តាមរយៈការរៀបចំទិន្នន័យ ការផ្តោតលើទេសចរ និងគំនិតផ្តួចផ្តើមទីផ្សារក្នុងបរិបទឌីជីថល។ កិច្ចប្រជុំបានគូសបញ្ជាក់ ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន កម្មវិធីអនឡាញសកល និងយន្តការអនុតំបន់ ដើម្បីពង្រឹងផ្សព្វផ្សាយកិត្តិនាម និងពង្រីកអត្តសញ្ញាណតំបន់អាស៊ាន តាមរយៈ យុទ្ធនាការរួមគ្នាលើកកម្ពស់កិត្តិនាមនិងយុទ្ធនាការសហហិរញ្ញប្បទាន។ កិច្ចប្រជុំក៏បានគូសរំលេច ពីសក្តានុពលនៃទេសចរណ៍ផ្លូវទឹក ជាចំណែកទីផ្សារសំខាន់ និងបានលើកទឹកចិត្តឱ្យបន្ត កិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់ការតភ្ជាប់កំពង់ផែ សម្រួលដល់ការធ្វើដំណើរ បសិដ្ឋកម្ម ស្តង់ដា សេវាកម្ម និងសុវត្ថិភាព ពង្រឹងការអនុវត្តប្រកបដោយចីរភាព នៅតាមគោលដៅ ទេសចរណ៍ផ្លូវទឹក និងជំរុញដំណើរកំសាន្តនាវាចរណ៍ពហុទិសដៅនៅទូទាំងសមុទ្រ និងតំបន់ ឆ្នេរអាស៊ាន។ ឆ្ពោះទៅរកទេសចរណ៍អាស៊ានដែលកាន់តែរឹងមាំ ៦. កិច្ចប្រជុំបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលទ្ធផលនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ដែលបានធ្វើឡើងនៅខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងម៉ាឡាកា ប្រទេសម៉ាឡេស៊ី ដែលជាវេទិកា ដ៏មានសារៈសំខាន់មួយ សម្រាប់រដ្ឋមន្ត្រីក្នុងការចូលរួមផ្លាស់ប្តូរយុទ្ធសាស្ត្រលើការពន្លឿនវិស័យ ទេសចរណ៍ ប្រកបដោយនិរន្តរភាព បរិយាបន្ន និងភាពធន់ ជាមួយនឹងការពង្រឹងភាពប្រកួតប្រជែង ជាសកលរបស់អាស៊ាន។ កិច្ចប្រជុំចង្អៀតនេះ បានសម្របសម្រួលឱ្យមានកិច្ចពិភាក្សាដើម្បីស្ថាបនា លើនិន្នាការថ្មីៗ បញ្ហាប្រឈម និងកាលានុវត្តភាពរួម និងការអនុវត្តល្អៗ ក៏ដូចជាទិសដៅ នយោបាយ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការតំបន់ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកាន់ តំបន់បន្ថែមទៀត ដោយទទួលស្គាល់អំពីសារៈសំខាន់នៃកិច្ចប្រជុំនេះ អង្គប្រជុំបានឯកភាព ពិចារណារៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ាននេះ ឱ្យក្លាយទៅជាយន្តការមួយដើម្បី ស្វែងរកដំណោះស្រាយទៅនឹងបញ្ហាប្រឈមនានាតាម ប្រកបដោយភាពស៊ីចង្វាក់ និងទាន់ពេលវេលា។ ៧. កិច្ចប្រជុំបានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការដែលកំពុងបន្តក្នុងការលើកកម្ពស់គុណភាព ទេសចរណ៍ រួមទាំងគំនិតផ្តួចផ្តើមពង្រឹងស្តង់ដាទេសចរណ៍ វិធានការអនាម័យ សុវត្ថិភាព និង ការកសាងសមត្ថភាពសម្រាប់សហគមន៍មូលដ្ឋាន ស្ត្រី និងយុវជន។ អង្គប្រជុំបានបញ្ជាក់សារជា ថ្មីពីការគាំទ្រដល់ការបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ជាពិសេសនៅតាមគោល ដៅបន្ទាប់បន្សំកម្រិតទី២ និងទី៣ ដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍ឱ្យកាន់តែមានតុល្យភាពនិងបរិយាបន្ននៅទូទាំងតំបន់។ ស្របតាមគោលបំណងនេះ កិច្ចប្រជុំបានស្វាគមន៍ចំពោះគំនិត ផ្តួចផ្តើមរបស់ប្រទេសហ្វីលីពីនក្នុងការអភិវឌ្ឍទស្សនវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និង ភាពធន់របស់អាស៊ានដែលនឹងជា ជាសមិទ្ធផលមួយក្នុងរបៀបវារៈអាទិភាពសេដ្ឋកិច្ច ឆ្នាំ២០២៦ ក្រោមភាពជាប្រធានអាស៊ានរបស់ខ្លួន។ ៨. កិច្ចប្រជុំបានកត់សម្គាល់នូវការប្រព្រឹត្តទៅរបស់ពិធីប្រគល់ពានរង្វាន់ស្តង់ដាទេសចរណ៍អាស៊ាន ដែលបានធ្វើឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ដែលនៅក្នុងតំបន់អាស៊ានទាំងមូល មាន បេក្ខភាពជ័យលាភីចំនួន៤៦ ដែលត្រូវបានផ្តល់កិត្តិយសឈ្នះពានរង្វាន់ស្តង់ដាសណ្ឋាគារបៃតង អាស៊ាន លើកទី១០ ក្នុងនោះទីក្រុងជ័យលាភីចំនួន៣២ ត្រូវបានផ្តល់កិត្តិយសឈ្នះពានរង្វាន់ ស្តង់ដា, ទីក្រុងស្អាតអាស៊ាន លើកទី៥ បេក្ខភាពជ័យលាភីចំនួន៤១ ត្រូវបានផ្តល់កិត្តិយសឈ្នះ ពានរង្វាន់ស្តង់ដាម៉ាយ អាស៊ាន ប្រភេទបន្ទប់ប្រជុំ លើកទី៥ បេក្ខភាពជ័យលាភីចំនួន៣៦ ត្រូវបាន ផ្តល់កិត្តិយសឈ្នះពានរង្វាន់ស្តង់ដា ម៉ាយអាស៊ាន ប្រភេទសាលពិព័រណ៍ លើកទី៣ បេក្ខភាព ជ័យលាភីចំនួន៣៩ ត្រូវបានផ្តល់កិត្តិយសឈ្នះពានរង្វាន់ស្តង់ដា ម៉ាយអាស៊ាន ប្រភេទសាល រៀបចំព្រឹត្តិការណ៍ លើកទី២, បេក្ខភាពជ័យលាភីចំនួន៨ ត្រូវបានផ្តល់កិត្តិយសឈ្នះពានរង្វាន់ ស្តង់ដាទេសចរណ៍ប្រកបដោយនិរន្តរភាពអាស៊ាន (ប្រធានបទ៖ គោលដៅទាក់ទាញទេសចរណ៍ ប្រភេទផលិតផលទេសចរណ៍ជនបទប្រកបដោយចីរភាព) និង ៩បេក្ខភាពជ័យលាភីត្រូវបានផ្តល់ កិត្តិយសឈ្នះពានរង្វាន់ស្តង់ដាទេសចរណ៍ប្រកបដោយនិរន្តរភាពអាស៊ាន លើកទី៥ (ប្រធានបទ៖ គោលដៅទាក់ទាញទេសចរណ៍ ប្រភេទផលិតផលទេសចរណ៍ទីក្រុងប្រកបដោយចីរភាព)។ កិច្ចប្រជុំ ក៏បានលើកទឹកចិត្តដល់រដ្ឋជាសមាជិកអាស៊ានបន្តជំរុញផ្សព្វផ្សាយស្តង់ដាទេសចរណ៍អាស៊ាន នៅតាមបណ្តាប្រទេសរៀងៗខ្លួន ដើម្បីបង្កើនភាពប្រកួតប្រជែងតំបន់។ ៩. កិច្ចប្រជុំបានទទួលស្គាល់នូវការបន្តអភិវឌ្ឍផលិតផលទេសចរណ៍ដែលមានភាពច្នៃប្រឌិត ក្នុងនោះ មានដូចជា៖ ទេសចរណ៍ធម្មជាតិ វប្បធម៌ ម្ហូបអាហារ សុខុមាលភាព ផ្សងព្រង និងភាពច្នៃប្រឌិត។ កិច្ចប្រជុំក៏បានគូសរំលេចអំពីសារៈសំខាន់នៃការពង្រឹងការគ្រប់គ្រងគោលដៅទេសចរណ៍ប្រកបដោយ និរន្តរភាព ឱ្យស្របតាមក្របខ័ណ្ឌស្តីពីការអភិវឌ្ឍទេសចរណ៍អាស៊ានប្រកបដោយចីរភាព និង ផែនទីចង្អុលផ្លូវសកម្មភាពអាស៊ាន ស្តីពីការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព។ កិច្ចប្រជុំ ក៏បានទទួលស្គាល់នូវគុណតម្លៃនៃការពង្រឹងកិច្ចសហប្រតិបត្តិការ ខាងត្បូង-ខាងត្បូង(South-South) ជាពិសេសតាមរយៈកិច្ចសហប្រតិបត្តិការដែលកំពុងអនុវត្តក្នុងក្របខ័ណ្ឌសម្ព័ន្ធប៉ាស៊ីហ្វិក ដែលក្នុងនោះរួមមាន វេទិកាសិក្សាតាមប្រព័ន្ធអេឡិចត្រូនិចរួមគ្នា (E-Learning Platform) របស់សម្ព័ន្ធអាស៊ាន-ប៉ាស៊ីហ្វិក ស្តីពីទេសចរណ៍ប្រកបដោយនិរន្តរភាព ដែលបានគាំទ្រដល់ការ ផ្លាស់ប្តូរចំណេះដឹង និងការកសាងសមត្ថភាពនៅតំបន់ទាំងពីរ។ ១០. កិច្ចប្រជុំបានកោតសរសើរចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការអនុតំបន់ ដែលកិច្ចប្រជុំថ្នាក់ ស្ថាប័នជាតិទេសចរណ៍កម្ពុជា-ឡាវ-វៀតណាម លើកទី២ ស្តីពីការជំរុញ ប្រទេសបី គោលដៅមួយ”បានឯកភាពរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា-ឡាវ-វៀតណាម ក្នុងឆ្នាំ២០២៦។ កិច្ចប្រជុំ បានបន្តកត់សម្គាល់ពីព្រឹត្តិការណ៍ផ្សព្វផ្សាយរួមមាន “មហោស្រពម្ហូបអាហារកម្ពុជា-ឡាវ- មីយ៉ាន់ម៉ា-វៀតណាម” និង សិក្ខាសាលាស្តីពី “ទេសចរណ៍ផ្លូវគោក និងការសម្របសម្រួលធ្វើដំណើរឆ្លងកាត់ ព្រំដែន” ដែលបានរៀបចំឡើងកាលពីខែធ្នូ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា និងបានលើកទឹកចិត្តឱ្យបន្តការរៀបចំព្រឹត្តិការណ៍ទាំងនេះជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់លំហូរ ភ្ញៀវទេសចរអន្តរតំបន់ និងផ្ទៃក្នុងតំបន់ ធ្វើពិពិធកម្មផលិតផលទេសចរណ៍ និងបង្រួបបង្រួមអាស៊ាន ជាគោលដៅទេសចរណ៍តែមួយ។ ១១. កិច្ចប្រជុំក៏បានកោតសរសើរចំពោះកិច្ចសហការដែលកំពុងបន្តរវាងវិស័យទេសចរណ៍ និងវិស័យ ដឹកជញ្ជូន រួមទាំងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រុមការងារពិសេសស្តីពីទេសចរណ៍ និងដឹកជញ្ជូន អាស៊ាន ដើម្បីដោះស្រាយគម្លាតនៃការតភ្ជាប់ ការធ្វើឱ្យប្រសើរឡើងនូវការចូលទៅកាន់គោលដៅ ថ្មីៗ និងការពង្រឹងសកម្មភាពផ្សព្វផ្សាយរួម។ កិច្ចប្រជុំបានលើកទឹកចិត្តឱ្យបន្តកិច្ចសហការជាមួយ ស្ថាប័ននិងវិស័យពាក់ព័ន្ធអាស៊ាន ដៃគូសន្ទនា និងភាគីពាក់ព័ន្ធក្នុងឧស្សាហកម្ម ដើម្បីពន្លឿន សមាហរណកម្មតភ្ជាប់ និងលើកកម្ពស់ដំណោះស្រាយការធ្វើដំណើរពហុមធ្យោបាយ។ ១២. កិច្ចប្រជុំបានទទួលស្គាល់ពីវឌ្ឍនភាពបន្តក្នុងការពង្រឹងការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នា ទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP) និងស្តង់ដាសមត្ថភាព ពាក់ព័ន្ធ ដែលនឹងរួមចំណែកដល់កម្លាំងពលកម្មទេសចរណ៍ដែលមានជំនាញកាន់តែច្រើន និង រួចរាល់សម្រាប់អនាគត។ កិច្ចប្រជុំបានលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពបន្ថែម រួមទាំង ការបណ្តុះបណ្តាលជំនាញឌីជីថល និងការគាំទ្រដល់សហគ្រាសទេសចរណ៍មីក្រូ តូច និងមធ្យម។ កិច្ចប្រជុំបានសម្តែងនូវសេចក្តីសោមនស្សរីករាយក្នុងការកត់សម្គាល់ថា លេខាធិការដ្ឋាន តំបន់សម្រាប់អនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន ត្រូវបានកំណត់គោលដៅឱ្យដំណើរការនៅក្នុងឆ្នាំ២០២៦នេះ។ ការចូលរួមជាមួយដៃគូសហការ ១៣. កិច្ចប្រជុំបានសម្តែងការកោតសរសើរចំពោះកិច្ចគាំទ្របន្តបន្ទាប់ផ្តល់ដោយដៃគូអាស៊ាន និង ស្ថាប័នអន្តរជាតិ ក្នុងការជំរុញរបៀបវារៈកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងតំបន់។ កិច្ចប្រជុំ បានលើកទឹកចិត្តដល់ភាពជាដៃគូយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ និងបន្ថែមទៀត ជាពិសេសក្នុង ការគាំទ្រការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃផែនការវិស័យទេសចរណ៍អាស៊ាន ឆ្នាំ២០២៦-២០៣០ និងយុទ្ធសាស្រ្តទីផ្សារទេសចរណ៍អាស៊ាន ឆ្នាំ២០២៦-២០៣០។ ក្នុងនោះរួមមាន កិច្ចសហប្រតិបត្តិការលើជំនួយបច្ចេកទេស ការកសាងសមត្ថភាព នវានុវត្តន៍ទិន្នន័យ និងឌីជីថល ការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព បសិដ្ឋកម្មតភ្ជាប់ ការត្រៀមលក្ខណៈ និងការឆ្លើយ តបចំពោះវិបត្តិ និងការវិនិយោគលើវិស័យទេសចរណ៍។ កិច្ចប្រជុំបានគូសបញ្ជាក់ពីសារៈសំខាន់នៃការប្រើប្រាស់ជំនាញ ធនធាន និងបណ្តាញរបស់ដៃគូ ដើម្បីបំពេញបន្ថែមដល់កិច្ចខិតខំប្រឹងប្រែង របស់អាស៊ានក្នុងការពង្រឹងទេសចរណ៍គុណភាព ជំរុញតំបន់អាស៊ីអាគ្នេយ៍ជាគោលដៅតែមួយ និងការសម្រេចបាននូវកំណើនទេសចរណ៍ប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាព។ ១៤. កិច្ចប្រជុំបានសម្តែងការកោតសរសើរចំពោះរដ្ឋាភិបាលហ្វីលីពីន ដែលបានផ្តល់បដិសណ្ឋារកិច្ច យ៉ាងកក់ក្តៅ និងការរៀបចំយ៉ាងល្អប្រសើរក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន លើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធ។ ១៥. កិច្ចប្រជុំបានឯកភាព ចំពោះកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី៣០ នឹងធ្វើឡើងនៅ ប្រទេសសិង្ហបុរី ក្នុងខែមករា ឆ្នាំ២០២៧។
Join Media Statement of the 29th Meeting of ASEAN Tourism Ministers (M-ATM), Cebu, the Philippines.


