កិច្ចប្រជុំតាមដានវឌ្ឍនភាពការងាររៀបចំសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

កិច្ចប្រជុំតាមដានវឌ្ឍនភាពការងាររៀបចំសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងាររៀបចំសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពការងាររបស់អនុគណៈកម្មការទាំង៧ ព្រមទាំងស្តាប់នូវសេចក្តីរាយការណ៍សង្ខេបអំពីវឌ្ឍនភាពការងាររបស់អនុគណៈកម្មការនីមួយៗ ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពររបស់អនុគណៈកម្មការទាំង៧ផងដែរ។

ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងអគ្គនាយក ព្រមទាំងលោក លោកស្រីប្រធាននាយកដ្ឋាន និងសមាជិក សមាជិកាសរុបប្រមាណ ១០០នាក់។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃគណៈកម្មការ និងអនុគណៈកម្មការទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងសម្រេចបាននូវវឌ្ឍនភាពការងារគួរជាទីកត់សម្គាល់។

បន្ទាប់ពីស្តាប់នូវសេចក្តីរាយការណ៍របស់អនុគណៈកម្មការទាំង៧ រួចមក ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យអនុគណៈកម្មការទាំងអស់ បន្តសហការយ៉ាងជិតស្និទ្ធ បំពេញភារកិច្ចឱ្យបានទាន់ពេលវេលា និងប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីធានាថា សន្និបាតនឹងអាចឆ្លុះបញ្ចាំងបានយ៉ាងច្បាស់លាស់អំពីសមិទ្ធផល បញ្ហាប្រឈម និងបទពិសោធពីការអនុវត្តការងារកន្លងមក ព្រមទាំងកំណត់ទិសដៅ និងអាទិភាពការងារសម្រាប់ឆ្នាំ២០២៦ ឱ្យសមស្របនឹងបរិបទជាតិ និងតំបន់។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានឯកភាពលើវិធានការសំខាន់ៗមួយចំនួន និងបានណែនាំឱ្យបន្តតាមដានវឌ្ឍនភាពការងារយ៉ាងជាប់លាប់ ដើម្បីធានាឱ្យការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ប្រព្រឹត្តទៅដោយជោគជ័យ និងរួមចំណែកលើកកម្ពស់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរឹងមាំ និងចីរភាព។

ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦

Leave a Reply

Your email address will not be published. Required fields are marked *