ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងសមាគមសណ្ឋាគារកម្ពុជា ដើម្បីលើកកម្ពស់វិស័យទេសចរណ៍

ការពង្រឹងភាពជាដៃគូរវាងក្រសួងទេសចរណ៍ ជាមួយសមាគមសណ្ឋាគារកម្ពុជា (CHA) ជាទឡ្ហីករណ៍ដ៏សំខាន់ក្នុងការលើកកម្ពស់សេវាកម្មសណ្ឋាគារ ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជាទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីជួបជុំសំណេះសំណាលជាមួយសមាគមសណ្ឋាគារកម្ពុជា (CHA) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធរវាងក្រសួងទេសចរណ៍ជាមួយសមាគមសណ្ឋាគារកម្ពុជា ព្រមទាំងស្វែងរកវិធានការគន្លឹះរួមគ្នា ដើម្បីបន្តរក្សាភាពធន់នៃវិស័យទេសចរណ៍ និងជំរុញសន្ទុះវិស័យទេសចរណ៍រកម្ពុជា ដើម្បីអាចរក្សាបាននូវភាពប្រកួតប្រជែងក្នុងតំបន់។

ក្នុងពិធីសំណេះសំណាលដ៏មានអត្ថន័យនេះ មានការអញ្ជើញចូលរួមពីឧកញ៉ា ហ៊ី សុធា ប្រធានថ្នាក់ជាតិសមាគមសណ្ឋាគារកម្ពុជា, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឯកឧត្តម គឹម មិនា នាយកប្រតិបត្តិ CTB,
ឯកឧត្តមអគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងលោក លោកស្រី អនុប្រធាន សមាជិក សមាជិកានៃសមាគមសណ្ឋាគារកម្ពុជាទាំងអស់ ព្រមទាំងលោក លោក ស្រី អគ្គនាយករង ប្រធាននាយកដ្ឋានប្រមាណ ១០០នាក់។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា សមាគមសណ្ឋាគារ ជាការអង្គភាពទី២ ដែលបានជួបសំណេះសំណាល ព្រមទាំងបានថ្លែងអំណរគុណចំពោះសមាគមសណ្ឋាការកម្ពុជា ក្រោមការដឹកនាំរបស់ ឧកញ៉ា ហ៊ី សុធា និងសហការី និងការចូលរួមរបស់សមាជិកសមាគម ដែលកន្លងមក តែងតែចូលរួមជាមួយក្រសួងទេសចរណ៍គ្រប់ពេលវេលា ទាំងពេលសុខដុម និងគ្រាលំបាក ដែលយើងទាំងអស់គ្នាជាមហាគ្រួសារវិស័យ ទេសចរណ៍កម្ពុជា បានឆ្លងកាត់រយៈជាងមួយឆ្នាំជាមួយគ្នាកន្លងមក។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនដល់សមាជិក សមាជិកាសមាគមសណ្ឋាគារកម្ពុជាអំពីព្រឹត្តិការណ៍អន្តរជាតិធំៗ ដែលនឹងរៀបចំឡើងនៅប្រទេសកម្ពុជា ជាពិសេសគឺកិច្ចប្រជុំកំពូលបណ្តាប្រទេសនិយាយភាសាបារាំងលើកទី២០ នាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ ដែលជាកិច្ចប្រជុំមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗ ពីបណ្តាប្រទេសជាច្រើន អ្នកសារព័ត៌មានអន្តរជាតិ និងអ្នកចូលរួមជាច្រើនពាន់នាក់ពីគ្រប់ទិសទីនៃពិភពលោក។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់នូវអនុសាសន៍ណែនាំដល់សមាជិក សមាជិកាសមាគមសណ្ឋាគារកម្ពុជា ត្រៀមលក្ខណៈឱ្យបានល្អ និងគ្រប់ជ្រុងជ្រោយ ដើម្បីផ្តល់នូវបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ជូនដល់ភ្ញៀវជាតិ និងអន្តរជាតិកំពូលៗ ដែលនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលបណ្តាប្រទេសនិយាយភាសាបារាំង (Francophonie Summit) នៅរាជធានីភ្នំពេញនាពេលខាងមុខ ដែលជាការលើកមុខមាត់របស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ និយាយជារួម និងនិយាយដោយឡែកគឺសម្រាប់វិស័យទេសចរណ៍ បដិសណ្ឋារកិច្ច សេវាស្នាក់នៅ និងម្ហូបអាហាររបស់កម្ពុជាដល់ពិភពលោកទាំងមូល។

ជាកិច្ចបន្ទាប់ ក្រោយពីឯកឧត្តមរដ្ឋមន្រ្តីបានស្តាប់សេចក្តីរាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពសកម្មភាពរបស់សមាគមសណ្ឋាគារកម្ពុជា និងសំណូមពរ ព្រមទាំងបញ្ហាប្រឈមរបស់សមាជិក សមាជិកានៃសមាគមរួចមក ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យសមាគមត្រូវពង្រឹងរចនាសម្ព័ន្ធឱ្យបានរឹងមាំ ពង្រឹងសមត្ថភាព ធនធានមនុស្ស របៀបរបបការងារ (TOR) របបប្រជុំ របបរាយការណ៍ របបបណ្តុះបណ្តាល(Training Course) ទីតាំងសមាគម និងត្រូវមាន M&E System ការត្រួតពិនិត្យ វាយតម្លៃរបស់សមាគមរួមជាមួយធនធានថវិការបស់សមាគម ជាពិសេស ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំឱ្យសមាគមរៀបចំជាផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ ឱ្យបានឆាប់ ក្រោមទម្រង់ជា Practical Cooperation Action Plan ដើម្បីអនុវត្តការងារប្រកបដោយភាពទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់។

ទីស្តីការក្រសួងទេសចរណ៍ ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦

Leave a Reply

Your email address will not be published. Required fields are marked *