
សេចក្តីជូនដំណឹង ស្តីពីការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ដែលមានខ្លឹមសារដូចតទៅ
ក្រសួងទេសចរណ៍ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងសារព័ត៌មានជាតិ-អន្តរជាតិ ឱ្យបាន ជ្រាបថា ក្រសួងទេសចរណ៍នឹងរៀបចំ “សន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើក ទិសដៅការងារឆ្នាំ២០២៦” រយៈពេល ២ថ្ងៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ-ពុធ ១រោច-២រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣-៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ សន្និបាតនេះរៀបចំឡើងក្នុងគោលបំណង តាមដាន ត្រួតពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារ ដែលក្រសួងទេសចរណ៍ និងមហាគ្រួសារវិស័យទេសចរណ៍ សម្រេចបានក្នុងឆ្នាំ២០២៥ និងលើកទិសដៅ ការងារបន្តឆ្នាំ២០២៦ សំដៅរួមចំណែកអនុវត្តវិធានការគន្លឹះក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ដើម្បីជាឧត្តមប្រយោជន៍ក្នុងការទ្រទ្រង់កំណើន សេដ្ឋកិច្ច-សង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្រោមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”។ នៅក្នុងដំណើរការនៃអង្គសន្និបាត ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំពិធីនេះ ដោយផ្ទាល់ដើម្បីពិនិត្យអំពីវឌ្ឍនភាព វាយតម្លៃលើលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៥ កន្លងទៅ និង លើកឡើងអំពីវិធានការគន្លឹះក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដោយមានកិច្ចពិភាក្សា ការផ្លាស់ប្តូរមតិយោបល់ និង បទពិសោធ ដើម្បីទទួលបាននូវធាតុចូលថ្មីបន្ថែមក្នុងការគ្រប់គ្រង និងការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយ ភាពប្រកួតប្រជែង ចីរភាព ភាពធន់ និងបរិយាបន្ន សំដៅជំរុញការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលជាគ្រឹះនិងជាមធ្យោបាយដ៏សំខាន់នៃការសម្រេចបាន ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ អង្គសន្និបាតក៏នឹងមានការដាក់តាំងបង្ហាញពិព័រណ៍សមិទ្ធផលការងាររយៈពេល ១ឆ្នាំ ក្នុងវិស័យទេសចរណ៍ផងដែរ។ អាស្រ័យហេតុនេះ សូមសាធារណជន និងសារព័ត៌មានជាតិ អន្តរជាតិជ្រាបជាព័ត៌មាន។



Announcement On The Organization of the conference to take stock of achievements in the tourism sector made in 2025 and chart directions for 2026
Annonce sur l’organisation de la conférence visant à dresser le bilan des réalisations du secteur du tourisme en 2025 et à définir les orientations de travail pour 2026


