ឯកឧត្តម ហួត ហាក់៖ “គណបក្សប្រជាជនកម្ពុជា ជាគណបក្សមានវ័យចំណាស់ជាងគេ ធំជាងគេ និងជាទីទុកចិត្តរបស់ប្រជាជនច្រើនជាងគេ ជាពិសេសចំពោះសមត្ថភាពក្នុងការដឹកនាំប្រទេស និងការពារប្រជាជន ព្រមទាំងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីប្រជាជន”

ឯកឧត្តម ហួត ហាក់៖ “គណបក្សប្រជាជនកម្ពុជា ជាគណបក្សមានវ័យចំណាស់ជាងគេ ធំជាងគេ និងជាទីទុកចិត្តរបស់ប្រជាជនច្រើនជាងគេ ជាពិសេសចំពោះសមត្ថភាពក្នុងការដឹកនាំប្រទេស និងការពារប្រជាជន ព្រមទាំងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីប្រជាជន”

ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម រួមជាមួយឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចំនួន ៥៦៣នាក់ មកពីភូមិទាំង៧ (ភូមិធំ, ភូមិដូនទរ, ភូមិវត្ត, ភូមិសំពៀងក្រោម, ភូមិថ្មី, ភូមិតាមើង, និងភូមិសំពៀងលើ) នៃឃុំទួលព្រះឃ្លាំងបានមកចូលរួមជីវភាព ជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ដែលមានអាយុកាល ៧៤ ឆ្នាំ គិតចាប់តាំងពីការចាប់កំណើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ មក ហើយថ្នាក់ដឹកនាំគណបក្ស គ្រប់លំដាប់ថ្នាក់នៃមហាគ្រួសារនេះ បានខិតខំប្រឹងប្រែង និងធ្វើពលិកម្ម គ្រប់បែបយ៉ាង ដោយបាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងជីវិតរស់នៅដោយភាពសុខសាន្តជូនប្រជាជនកម្ពុជា។

ក្នុងពិធីដ៏មហានក្ខត្តឫក្សនេះ មានការអញ្ជើញចូលរួមពី លោក ស៊ិន សុខុន ប្រធានគណៈកម្មាធិការគណបក្សស្រុកស្ទឹងត្រង់, លោកពូ ច្រឹង គឹមស្រ៊ាន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា, លោកជំទាវ កុល ធារិន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម, លោក បាន ស្រេង អនុប្រធានគណៈកម្មាធិការគណបក្សស្រុកស្ទឹងត្រង់ និងជាអភិបាលនៃគណៈអភិបាលស្រុក, ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងារគណបក្សស្រុកចុះមូលដ្ឋានស្រុកស្ទឹងត្រង់, ឯកឧត្ដមវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទួលព្រះឃ្លាំង, ឯកឧត្ដម លោក លោកស្រី ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១២ ក្នុងស្រុកស្ទឹងត្រង់
ព្រមទាំងលោកអ៊ំ ពូ មីង បងប្អូន សមាជិក សមាជិកាសរុបប្រមាណ ៦០០នាក់។

ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ឯកឧត្តម ហួត ហាក់ បានថ្លែងអំណរគុណ និងថ្លែងនូវការកោតសរសើរ ព្រមជាមួយការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាការធិការគណបក្សគ្រប់ជាន់ថ្នាក់ ជាពិសេសនៅឃុំទួលព្រះឃ្លាំង ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ (ឯកឧត្ដមវេជ្ជបណ្ឌិត គីមសួរ ភីរុណ) និងក្រោមការតម្រង់ទិសណែនាំជាប់ជាប្រចាំរបស់ ឯកឧត្ដម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម ដែលបានរៀបចំឱ្យមានពិធីបញ្ចូលសមាជិកបក្ស ទាំង ៥៦៣នាក់ មកពីភូមិទាំង៧ នៃឃុំទួលព្រះឃ្លាំង។

ជាមួយគ្នានេះ ឯកឧត្តម ហួត ហាក់ មានប្រសាសន៍ថា គិតចាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គណបក្សយើងបានសម្រេចប្រគល់ភារកិច្ចដល់យុវជនបន្តវេនជំនាន់ក្រោយ, ដែលគិតមកដល់ថ្ងៃនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា មានអាយុកាលប្រមាណ ២ឆ្នាំ ៥ខែ ២៥ថ្ងៃ, នៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ គឺរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (មានអាយុ ២ឆ្នាំកន្លះ ឬពាក់កណ្ដាលអាណត្តិ) ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស, ជាបិតាសន្តិភាព និងជាអគ្គមគ្គុទ្ទេសក៍ឯក ប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសុខសន្តិភាពពេញលេញ, ឯកភាពទឹកដី និងការបង្រួបបង្រួមជាតិ!

បន្ថែមលើនេះ ឯកឧត្តម ហួត ហាក់ មានប្រសាសន៍បន្តថា គណបក្សប្រជាជនកម្ពុជា និង ប្រជាជនកម្ពុជា កាន់តែមានជំនឿជឿជាក់, កាន់តែមានទំនុកចិត, និងកាន់តែមានសំណាង ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ជាយុវជនបន្តវេនដ៏ឆ្នើម, មានចក្ខុវិស័យវែងឆ្ងាយ ប្រកបដោយបញ្ញាញាណភ្លឺស្វាង ដែលបានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីសម្រេចចក្ខុវិស័យ ធ្វើឱ្យប្រទេសកម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់ (ប្រទេសអ្នកមាន) នៅឆ្នាំ២០៥០។

ស្ថិតក្នុងថិរវេលាដ៏មានសារៈសំខាន់នេះ ឯកឧត្តម ហួត ហាក់ តាងនាមក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់, យើងខ្ញុំសូមបេ្តជ្ញារួបរួមសាមគ្គីជាធ្លុងមួយ ឯកភាពផ្ទៃក្នុង ក្នុងស្មារតីខ្មែរតែមួយ សូមគាំទ្រយ៉ាងពេញទំហឹង ដោយឥតងាករេ នូវរាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងក្រោមការតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន, ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែន និងសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជា។

 

ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម, ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦

Leave a Reply

Your email address will not be published. Required fields are marked *