ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលនិងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ UMS របស់សាកលវិទ្យាល័យវ៉ាន់ដា

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ UMS របស់សាកលវិទ្យាល័យវ៉ាន់ដា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ UMS របស់សាកលវិទ្យាល័យវ៉ាន់ដា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ថ្នាក់ដឹកនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំរបស់សាកលវិទ្យាល័យវ៉ាន់ដា។

ក្នុងកម្មវិធីនេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីការបញ្ជ្រាបនូវបច្ចេកវិទ្យាឌីជីថលចូលក្នុងវិស័យ អប់រំ តាមរយៈការសហការគ្នារវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ថ្នាក់ដឹកនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលចាប់ផ្តើមពីការសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលនៅតាមវិទ្យាល័យក្នុងខេត្តតាកែវ ចំនួន ៥៦វិទ្យាល័យ និងបន្តបន្ទាប់នៅតាមបណ្តាខេត្តនានា ក្នុងគោលបំណងសម្រេចឱ្យបាននូវប្រព័ន្ធអប់រំឌីជីថល។ មិនតែប៉ុណ្ណោះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា កម្ពុជានឹងប្រែក្លាយទៅជារដ្ឋាភិបាលឌីជីថល តាមរយៈការរៀបចំកំណែទម្រង់ប្រព័ន្ធរដ្ឋបាលនានា ជាពិសេស ការបង្កើត Super App របស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលជាApp មួយដែលប្រមូលផ្តុំនូវព័ត៌មានគ្រប់ប្រភេទ។

ក្នុងកម្មវិធីនេះផងដែរ ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថាការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ UMS នៅថ្ងៃនេះមិនមែនត្រឹមតែជាការបង្ហាញពីការប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេប៉ុន្តែវាបានបង្ហាញអំពីការបង្កើនប្រសិទ្ធភាពការងារ ការឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល និងជាពិសេសការលើកកម្ពស់គុណភាពអប់រំ។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលក៏បានលើកឡើងថា “ពីមុនខ្ញុំមិនដឹងថា តើឌីជីថលអប់រំត្រូវធ្វើដូចម្តេច ផ្តើមចេញពីបច្ចេកវិទ្យាអ្វីមុនគេ? ” ក្រោយពីបានរៀបចំប្រព័ន្ធ អ៊ិនធើណែតល្បឿនលឿនគ្រប់ទីកន្លែងក្នុងបរិវេណសាកលវិទ្យាល័យរួច ទើបធ្វើឲ្យខ្ញុំយល់ថា ឌីជីថល គឺផ្តើមចេញពីសេវាអ៊ិនធើណែតល្បឿនលឿនរបស់ក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ មុនគេ។ បន្ទាប់មក យើងខ្ញុំក៏បាន បង្កើនចំនួនកុំព្យូទ័ររហូតដល់ទៅ ១២០០គ្រឿង និងដាក់ឱ្យនិស្សិតប្រើប្រាស់ដោយឥតគិតថ្លៃ ដើម្បីអនុវត្តជាក់ស្តែងលើការកត់ត្រាបញ្ជីគណនេយ្យស្វ័យប្រវត្តិជាមួយនឹងឌីជីថល ដោយប្រើប្រាស់កម្មវិធី Online ដូចជា កម្មវិធី Microsoft Office Online, QuickBooks Online, Localize Book Online និង AI Accounting Software, ធ្វើឲ្យសាកលវិទ្យាល័យវ៉ាន់ដា បច្ចប្បន្ន ត្រូវបានមហាជននិងនិស្សិតជាទូទៅ ប្រសិទ្ធនាមពីមាត់មួយទៅមាត់មួយថា “សាកលវិទ្យាល័យវ៉ាន់ដាគណនេយ្យ សវនកម្ម ពន្ធដារ ស្រាវជ្រាវ បែបឌីជីថល”។

Leave a Reply

Your email address will not be published. Required fields are marked *