ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងសាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ ជាមួយក្រសួងទេសចរណ៍ នឹងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងក្រសួងទាំងពីរ ឱ្យស្របតាមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ ក្រោមស្មារតី រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ដោយឈរលើគោលការណ៍បុរេសកម្ម សកម្ម និងអន្តរសកម្ម ដើម្បីចូលរួមពង្រឹងសមត្ថភាពស្ថាប័ន កសាងមូលធនមនុស្ស និងធានាបាននូវសង្គតិភាពនៃលំហូរការងាររដ្ឋបាលរវាងអន្តរក្រសួង និងស្ថាប័ន
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ ជាមួយក្រសួងទេសចរណ៍ ដោយមានឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល និងឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ ជាហត្ថលេខីលើអនុស្សរណៈនៃការយោគយល់នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងគោលបំណងផ្តោតលើការបង្កើតកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការគាំទ្រពីគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាព ការការបណ្តុះបណ្តាល ការស្រាវជ្រាវ និងគម្រោងកម្មវិធីផ្សេងៗដោយផ្អែកលើគោលការណ៍ពិគ្រោះយោបល់ ឯកភាព សមភាព យុត្តិធម៌ និងផ្ដល់អត្ថប្រយោជន៍ដល់គូភាគីទៅវិញទៅមក។
ក្នុងពិធីចុះហត្ថលេខាដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួងមុខងារសាធារណៈ, សាលាភូមិន្ទរដ្ឋបាល និងក្រសួងទេសចរណ៍ និងលោក លោកស្រីជាសិក្ខាកាម ប្រមាណ ២៥០នាក់។
ថ្លែងក្នុងពិធីដ៏មានអត្ថន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងសាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ ជាមួយក្រសួងទេសចរណ៍ នៅថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ណាស់ និងកាន់តែមានភាពចាំបាច់ដែលមិនអាចខ្វះបានក្នុងការពង្រឹងប្រសិទ្ធភាពការងារ និងសមត្ថភាពរបស់មន្ត្រីនៅក្នុងរដ្ឋបាលសាធារណៈ ដើម្បីឆ្លើយតបបានទៅនឹងស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលផ្ដោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈដែលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ និងការកំណត់យកអាទិភាពគន្លឹះទាំង៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា, ព្រមទាំងការបន្តអនុវត្តនូវអភិក្រមទាំង៥ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ «ឆ្លុះកញ្ចក់, ដុសក្អែល, ងូតទឹក, ព្យាបាល និង វះកាត់»។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចបន្ថែមថា មន្ត្រីរាជការនៃក្រសួងទេសចរណ៍ ក៏ត្រូវតែបំពាក់នូវចំណេះជំនាញច្បាស់លាស់លើការងាររដ្ឋបាល ការរៀបចំលិខិតរដ្ឋបាល ការតាក់តែងលិខិតបទដ្ឋានគតិយុត្ត បច្ចេកវិទ្យានវានុវត្ត ការងារគ្រប់គ្រងនិងភាពជាអ្នកដឹកនាំ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការបំពេញការងារ។ អាស្រ័យហេតុនេះ កិច្ចសហប្រតិបត្តិការរវាងសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ និងក្រសួងទេសចរណ៍ លើការបណ្ដុះបណ្ដាល និងលើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំ និងមន្ត្រី នាពេលនេះ គឺពិតជាឆ្លើយតបចំគោលដៅរបស់ក្រសួងទាំងពីរ។

សាលាភូមិន្ទរដ្ឋបាល ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦


