ក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន EU-ASEAN Business Council (EU-ABC) ដឹកនាំក្រុមហ៊ុនអាជីវកម្មទេសចរណ៍ពហុជាតិធំៗចាប់អារម្មណ៍ជាខ្លាំងលើសក្តានុពលទេសចរណ៍កម្ពុជា

ក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន EU-ASEAN Business Council (EU-ABC) ដឹកនាំក្រុមហ៊ុនអាជីវកម្មទេសចរណ៍ពហុជាតិធំៗ ចាប់អារម្មណ៍ជាខ្លាំងលើសក្តានុពលទេសចរណ៍កម្ពុជាចាប់ពីទេសចរណ៍ប្រកបដោយចីរភាព ទេសចរណ៍ពេលរាត្រីជាមួយផ្នែកអាហារ និងភេសជ្ជៈ វត្ថុអនុស្សាវីរិយ៍ទេសចរណ៍បរិវត្តកម្មឌីជីថល

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន (EU-ABC) និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EUROCHAM) សរុបជាង២០រូប ដឹកនាំដោយលោក Noel Clehane ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីអំពីការស្វែងយល់ពីកាលានុវត្តភាពវិនិយោគក្នុងវិស័យទេសចរណ៍ ព្រមទាំងសក្តានុពលទេសចរណ៍កម្ពុជា ក្នុងឱកាសដំណើរទស្សនកិច្ចកម្រិតខ្ពស់របស់ខ្លួននៅប្រទេសកម្ពុជា នាទីស្តីការក្រសួង។

ក្នុងឱកាសនៃជំនួបនេះ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន (EU-ABC) និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EUROCHAM) បានបញ្ជាក់ពីការប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរំណ៍ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជាស្តែងតាមរយៈការបណ្តាក់ទុននិងការពង្រីកអាជីវកម្មរបស់សមាជិកខ្លួននៅកម្ពុជាជាង៣០ឆ្នំាមកហើយ។

តាមរយៈទំហំវិនិយោគដែលមានស្រាប់ កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សក្តានុពលទេសចរណ៍កម្ពុជា និងកម្លាំងពលកម្មដ៏សកម្ម ក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា បានបង្ហាញនូវចំណាប់អារម្មណ៍ជាខ្លាំងលើកាលានុវត្តភាពវិនិយោគលើផ្នែកផ្សេងៗទៀតដូចជាការបោះទុនវិនិយោញទេសចរណ៍ប្រកបដោយចីរភាព ទេសចរណ៍ធម្មជាតិ ទេសចរណ៍ពេលរាត្រីជាមួយផ្នែកអាហារ និងភេសជ្ជៈសម្រាប់ទីក្រុងធំៗ របស់កម្ពុជាដែលមានការទាក់ទាញទេសចរណ៍ជាខ្លាំង វត្ថុអនុស្សាវីរិយ៍ជាលក្ខណៈសិល្បៈពិតៗ បរិវត្តកម្មឌីជីថលក្នុងសេវាកម្មទេសចរណ៍។ល។

ជាកិច្ចឆ្លើយតប ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន (EU-ABC) និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EUROCHAM) ដែលតែងតែគាំទ្រនិងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងវិស័យទេសចរណ៍នៅកម្ពុជារហូតមក និងទំនាក់ទំនងការទូតដ៏ល្អលើគ្រប់វិស័យរវាងកម្ពុជា និងសហភាពអឺរ៉ុបដែលមានរយៈពេលជាង៣០ឆ្នាំមកហើយ។

បន្ថែមពីលើនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងទេសចរណ៍ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការភាពជាដៃគូរដ្ឋ-ឯកជនជាមួយក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន (EU-ABC) និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EUROCHAM) តាមអភិក្រមជវភាពនៃតួអង្គតែមួយ ដើម្បីជំរុញកំណើនវិនិយោគទេសចរណ៍ និងភ្ញៀវទេសចរអន្តរជាតិ ជាពិសេសសហការជំរុញការហោះហើរត្រង់ពីទីក្រុងសំខាន់ៗ នៅអឺរ៉ុប មកកាន់រាជធានីភ្នំពេញ ឬខេត្តសៀមរាប ស្របពេលដែលកម្ពុជាបានដាក់ដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោកម្រិត ៤ F កាលពីខែតុលា ឆ្នាំ២០២៥ កន្លងទៅ។

តាមរយៈកិច្ចជំនួបដ៏សំខាន់ និងប្រកបដោយផ្លែផ្កានេះភាគីទាំងពីរ បានបង្ហាញពីឆន្ទៈរួមក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងឱកាសវិនិយោគនៅកម្ពុជាដើម្បីគាំទ្រការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែមានចីរភាព ភាពធន់ និងមានភាពប្រកួតប្រជែងនៅក្នុងតំបន់ និងអន្តរជាតិ។

គួរបញ្ជាក់ផងដែរថាក្នុងជំនួបពិភាក្សាការងារកម្រិតខ្ពស់នេះមានការអញ្ជើញចូលរួមពីសម្ព័ន្ធក្រុមហ៊ុនផលិតភេសជ្ជៈអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (APISWA) ដែលមានសមាជិកជាក្រុមហ៊ុនពហុជាតិធំៗ Pernod Ricard រួមជាមួយ ក្រុមហ៊ុន DHL Express ក្រុមហ៊ុន Heineken, ក្រុមហ៊ុន​ JT International ផងដែរ។

រាជធានីភ្នំពេញ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦
(កម្មវិធីជំនួបដៃគូសហប្រតិបត្តិការអន្តរជាតិទី១៥ ឆ្នាំ២០២៦)។

Leave a Reply

Your email address will not be published. Required fields are marked *