សមាគមភោជនីយដ្ឋានកម្ពុជា (CRA) ប្តេជ្ញាចូលរួមជាមួយក្រសួងទេសចរណ៍តាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជនលើសេវាកម្មភោជនីយដ្ឋានដើម្បីលើកកម្ពស់គុណភាពសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ

សមាគមភោជនីយដ្ឋានកម្ពុជា (CRA) ប្តេជ្ញាចូលរួមជាមួយក្រសួងទេសចរណ៍ តាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជនលើសេវាកម្មភោជនីយដ្ឋាន ដើម្បីលើកកម្ពស់គុណភាពសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាគមភោជនីយដ្ឋានកម្ពុជា (CRA) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធរវាងក្រសួងទេសចរណ៍និងសមាគមភោជនីយដ្ឋានកម្ពុជានិងស្វែងរកវិធានការគន្លឹះរួមគ្នាដើម្បីបន្តរក្សាភាពធន់នៃវិស័យទេសចរណ៍ និងជំរុញសន្ទុះវិស័យទេសចរណ៍កម្ពុជាដើម្បីអាចរក្សាបាននូវភាពប្រកួតប្រជែងក្នុងតំបន់។

ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីឧកញ៉ាលូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ ក្រុម «ខ», កញ្ញា ហេង ភួនហួង ប្រធានសមាគមភោជនីយដ្ឋានកម្ពុជា, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឯកឧត្តម អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ប្រធាននាយកដ្ឋាន និងលោក លោកស្រី អនុប្រធាន សមាជិក សមាជិកនៃសមាគមភោជនីយដ្ឋានកម្ពុជាសរុបចំនួន ៨០នាក់។

មុនចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះសមាគមទេសចរណ៍កម្ពុជាដែលបានចូលរួមឧបត្ថម្ភជាថវិកាសម្ភារៈនិងគ្រឿងឧបភោគបរិភោគ តាមរយៈមូលនិធិមហាគ្រួសារវិស័យទេសចរណ៍ ដើម្បីជួយដល់ប្រជាពលរដ្ឋភៀសសឹកនិងវីរកងទ័ពជួរមុខដ៏អង់អាចក្លាហាន។

ឆ្លៀតក្នុងឱកាសនៃពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គពិធីថារាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិន (PRC) ទាំងអស់ រួមទាំងចិនដីគោក ចិនហុងកុង និងចិនម៉ាកាវ លើកលែងចិនតៃវ៉ាន់ ទោះធ្វើដំណើរត្រង់ចេញពីប្រទេសចិន ឬប្រទេសណាផ្សេងក៏ដោយឱ្យតែកាន់លិខិតឆ្លងដែន (PRC) ចូលមកប្រទេសកម្ពុជា នឹងទទួលបានការលើកលែងទិដ្ឋាការ នៅដំណាក់កាលអនុវត្តសាកល្បងនៅឆ្នាំ២០២៦ (គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦)។

ជាកិច្ចបន្ទាប់ ក្រោយពីឯកឧត្តមរដ្ឋមន្រ្តី បានស្តាប់សេចក្តីរាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពសកម្មភាពរបស់សមាគមទេសចរណ៍កម្ពុជា និងសំណូមពរព្រមទាំងបញ្ហាប្រឈមរបស់សមាជិក សមាជិកានៃសមាគមរួចមក ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យសមាគមត្រូវពង្រឹងសមត្ថភាពឱ្យកាន់តែមានទម្ងន់ខ្លាំងក្នុងកម្រិតតំបន់ និងពិភពលោក តាមរយៈការពង្រឹងរចនាសម្ព័ន្ធឱ្យបានរឹងមាំ និងត្រូវពង្រីកសមាជិករបស់ខ្លួនបន្ថែម។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំឱ្យសមាគមរៀបចំជាផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ ឱ្យបានឆាប់ ក្រោមទម្រង់ជា Practical Cooperation Action Plan និងត្រូវបន្ស៊ីជាមួយផែនការសកម្មភាពក្នុងរដូវកាលបៃតងក្នុងឆ្នាំ២០២៦ នេះ។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមអំពីការពង្រឹសមត្ថភាព និងពង្រីកសាខារបស់សមាគមភោជនីយដ្ឋានកម្ពុជាបន្ថែមទៅក្រៅប្រទេសដើម្បីផ្សព្វផ្សាយទេសចរណ៍ម្អូបអាហារកម្ពុជាទៅកាន់ទៅផ្សារអន្តរជាតិឱ្យបានកាន់តែទូលំទូលាយពោលគឺការងារផ្សព្វផ្សាយទេសចរណ៍ ដោយសមាគមត្រូវយកចិត្តទុកដាក់ និងចូលរួមលើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅតាមទីផ្សារគោលដៅ, ពង្រីកការផ្សព្វផ្សាយអំពីកិត្តិនាមកម្ពុជា និងព័ត៌មានវិជ្ជមានឱ្យកាន់តែខ្លាំងបន្ថែមទៀត។

ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦

 

Leave a Reply

Your email address will not be published. Required fields are marked *