ទេសចរណ៍ភាពយន្ត (Film Tourism) មិនមែនគ្រាន់តែជាការកម្សាន្តតាមកញ្ចក់ទូរទស្សន៍ ឬផ្ទាំងសំពត់សប៉ុណ្ណោះទេ ប៉ុន្តែជាយុទ្ធសាស្ត្រដ៏មុតស្រួចក្នុងការអភិវឌ្ឍ និងផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាឱ្យមានភាពរស់រវើក និងទាក់ទាញបំផុត

ទេសចរណ៍ភាពយន្ត (Film Tourism) មិនមែនគ្រាន់តែជាការកម្សាន្តតាមកញ្ចក់ទូរទស្សន៍ ឬផ្ទាំងសំពត់សប៉ុណ្ណោះទេ ប៉ុន្តែជាយុទ្ធសាស្ត្រដ៏មុតស្រួចក្នុងការអភិវឌ្ឍ និងផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាឱ្យមានភាពរស់រវើក និងទាក់ទាញបំផុត

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាគណៈអធិបតីក្នុង «ព្រឹត្តិការណ៍បុណ្យចូលឆ្នាំប្រពៃណីចិនអបអរខួប១០ឆ្នាំ នៃដំណើរភាពយន្តចល័តកម្ពុជា-ចិន និងអបអរសាទរឆ្នាំទេសចរណ៍កម្ពុជា-ចិន» ដែលរៀបចំដោយមជ្ឈមណ្ឌលកម្មវិធីភាសាអាស៊ីនិងអាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន សហការជាមួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងទេសចរណ៍ និងសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម ហួត ហៃ អភិបាលរង និងជាតំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សាលារាជធានីភ្នំពេញ ឧកញ៉ា និងលោកជំទាវតំណាងសមាគមទេសចរណ៍ ព្រមទាំងលោក-លោកស្រីជាមន្រ្តីរាជការពីក្រសួង និងស្ថាប័នពាក់ព័ន្ធជាច្រើនរូប ប្រជាពលរដ្ឋជាតិ និងអ្នកទេសចរអន្តរជាតិជាង ២០០នាក់ នាល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅផ្លូវថ្មើរជើងបណ្តោយមាត់ទន្លេ មុខវត្តឧណ្ណាលោម រាជធានីភ្នំពេញ។

តាមរយៈសុន្ទរកថាតាមប្រព័ន្ធវីដេអូពីចម្ងាយ លោក An Xiaoyu (អាន ស៊ាវយូ) ប្រធានមជ្ឈមណ្ឌលកម្មវិធីភាសាអាស៊ីនិងអាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការ និងវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងឯកឧត្តម លោកជំទាវ ឧកញ៉ា លោក-លោកស្រីជាមន្រ្តីរាជការពីក្រសួង និងស្ថាប័នពាក់ព័ន្ធ ដែលបានញុំាងឱ្យកម្មវិធីសម្រេចបានដោយជោគជ័យ និងជាការការអបអរសាទរឆ្នាំទេសចរណ៍កម្ពុជា-ចិន និងវិស័យវប្បធម៌នៃប្រទេសទាំងពីរ។

ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ដែលប្រព្រឹត្តទៅពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មិនត្រឹមតែជាការរំលឹកជោគជ័យនៃការចាក់បញ្ចាំងភាពយន្តចល័តកម្ពុជាចិននាពេលកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានផ្សារភ្ជាប់ដួងចិត្តប្រជាជន និងផ្តល់ឱកាសឱ្យប្រជាជនកម្ពុជាយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រទេសចិនតាមរយៈសាច់រឿងរបស់ភាពយន្ត។ តាមរយៈព្រឹត្តិការណ៍នេះ បានជំរុញឱ្យមានការផ្លាស់ប្ដូរវិស័យវប្បធម៌ ទេសចរណ៍ និងការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ កាន់តែល្អប្រសើរឡើងថែមទៀត។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកោតសរសើរដោយស្មោះចំពោះវិទ្យុមិត្តភាពកម្ពុជា-ចិន ដែលបានសហការជាមួយក្រុមការងារមកពីគ្រប់ផ្នែក ក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មហោឡារិកនេះឡើង ប្រកបដោយភាពច្នៃប្រឌិត និងភាពអស្ចារ្យ ដើម្បីផ្តល់ជាអាហារចក្ខុដ៏មានគុណតម្លៃ ជូនដល់សាធារណជនយើងទាំងក្នុងទិដ្ឋភាពអប់រំ វប្បធម៌ ទេសចរណ៍ និងការកម្សាន្ត។ ទន្ទឹមនឹងនេះ ការរៀបចំព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តកម្ពុជា-ចិនដ៏ឆ្នើម លើកទី១០» នាឱកាសនេះ គឺជាសមិទ្ធផលដ៏ត្រចះត្រចង់ និងជាមោទនភាពថ្មីមួយទៀត ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាឱ្យកាន់តែមានភាពលេចធ្លោ ភាពទាក់ទាញ និងភាពរស់រវើកនៅលើឆាកអន្តរជាតិ។ ព្រឹត្តិការណ៍ដ៏មហោឡារិកនេះ មិនត្រឹមតែជាការផ្តល់ជូននូវការកម្សាន្ត និងចំណេះដឹងតាមរយៈសិល្បៈភាពយន្តប៉ុណ្ណោះទេ ប៉ុន្តែ គឺជាវេទិកាដ៏មានគុណតម្លៃក្នុងការរឹតចំណងកិច្ចសហប្រតិបត្តិការទេសចរណ៍ វប្បធម៌ និងសិល្បៈភាពយន្តរវាងកម្ពុជា និងមិត្តចិនឱ្យកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅ ហើយក៏បង្កើតជានូវទេសចរណ៍ភាពយន្ត (Film Tourism) ដែលជាយុទ្ធសាស្ត្រដ៏មុតស្រួចមួយក្នុងការអភិវឌ្ឍ និងផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាឱ្យមានភាពរស់រវើក និងទាក់ទាញបំផុត។

សូមបញ្ជាក់ថា ក្នុងរយៈពេល១០ឆ្នាំនេះ រថយន្តចាក់បញ្ចាំងភាពយន្តបានធ្វើដំណើរពាសពេញ ២៥ ខេត្ត-ក្រុង ក្នុងប្រទេសកម្ពុជា បានចាក់បញ្ចាំងភាពយន្តល្អៗជាង ៣០០ លើក និងមានអ្នកទស្សនាសរុបជាង ១០ ម៉ឺននាក់។

Leave a Reply

Your email address will not be published. Required fields are marked *