ពិធីផ្សព្វផ្សាយរបាយការណ៍ស្ដីពីសភាពការណ៍ទូទៅនិងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់

ពិធីផ្សព្វផ្សាយរបាយការណ៍ស្ដីពីសភាពការណ៍ទូទៅនិងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់

ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ស្ដីពីសភាពការណ៍ទូទៅនិងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអំពីរបាយការណ៍ស្ដីពីសភាពការណ៍ទូទៅនិងការងារដែលគណបក្សប្រជាជនសម្រេចបានក្នុងឆ្នាំ២០២៥ និងទិសដៅការងារដែលត្រូវរួមគ្នាបន្តអនុវត្តឆ្នាំ២០២៦។

ក្នុងពិធីដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដមអនុប្រធានគណៈកម្មាធិការគណបក្សក្រសួង, ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សក្រសួង, ឯកឧត្ដម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈ កម្មាធិការគណបក្សក្រសួង និងលោក លោកស្រី ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានប្រធានគណៈកម្មាធិការសាខាគណបក្ស ចំណុះគណបក្សក្រសួងសរុបប្រមាណ ២៥០នាក់។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍ បានចូលរួមអបអរសាទរចំពោះសមិទ្ធផលធំៗដែលគណបក្សសម្រេចបានកន្លងមក ជាពិសេសក្នុងឆ្នាំ២០២៥ និងកំពុងឆ្ពោះទៅការអនុវត្តឱ្យសម្រេចបានតាមទិសដៅឆ្នាំ២០២៦ ដែលបានដាក់ចេញ ជាពិសេសការទទួលបាននូវសមិទ្ធផលការងារ ដែលឥស្សរជន, ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងសមាជិក សមាជិកា គណបក្សទាំងអស់ បានអនុវត្តនិងសម្រេចបានជាច្រើនក្នុងការអភវិឌ្ឍប្រទេសជាតិ និយាយជារួម និងនិយាយដោយឡែក, សមិទ្ធផល នៅថ្ងៃនេះ ក៏កើតចេញពីការរួមចំណែកពីគ្រប់ផ្នែក គ្រប់ថ្នាក់ តាំងពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ រហូតដល់សមាជិកបក្សម្នាក់ៗ គ្រប់ជំនាន់របស់ក្រសួងទេសចរណ៍ ក្នុងការចូលរួមអនុវត្តសកម្មភាពការងារតាមផែនការដែលបានដាក់ចេញដោយលះបង់ ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី ធនធានថវិកា និងសម្ភារៈ សព្វគ្រប់បែបយ៉ាង ដោយមិនខ្លាចនឿយហត់ ដើម្បីបុព្វហេតុគណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជា, និងដើម្បីគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍។

ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍ ថ្លែងនូវសេចក្តីគោរពដឹងគុណ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះវីរកងទ័ព និងកងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានទាំងអស់ ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន និងនៅទូទាំងប្រទេស ក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ ការពារបូរណភាពទឹកដី ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

ឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍ ក៏បានគោរពថ្លែងអំណរគុណដោយស្មោះស័្មគ្រចំពោះគំរូវីរភាព ទឹកចិត្តស្នេហាជាតិ ស្នេហាប្រជាជន ដោយខិតខំប្ដូរផ្ដាច់ បូជាសាច់ស្រស់ ឈាមស្រស់ ពលីកម្មតស៊ូ ក្នុងសមរភូមិ និងគ្រប់កាលៈទេសៈ តែងតែនៅជាប់ការពារប្រជាជន ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលនេះគឺជាគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ដែលធ្វើឱ្យយើងខ្ញុំទាំងអស់គ្នាចងចាំជានិច្ច។

ឆ្លៀតឱកាសនេះផងដែរ, តាងនាមគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍, យើងខ្ញុំសូមបេ្តជ្ញារួបរួមសាមគ្គីជាធ្លុងមួយ ឯកភាពផ្ទៃក្នុងក្នុងស្មារតីខ្មែរតែមួយ សូមគាំទ្រយ៉ាងពេញទំហឹង ដោយឥតងាករេ នូវរាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងមានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែន និងសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជា។

រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦

Leave a Reply

Your email address will not be published. Required fields are marked *