ឯកឧត្តម ហួត ហាក់៖ ទេសចរណ៍មិនត្រឹមតែវាស់លើតែចំនួនភ្ញៀវទេសចរនោះទេ ប៉ុន្តែត្រូវវាស់លើតម្លៃដែលទេសចរណ៍ ផ្តល់ជូនប្រជាជន, ភាពថ្លៃថ្នូរផ្តល់ដល់សហគមន៍ផ្ទាល់, កាលានុវត្តភាពផ្តល់ដល់យុវជន និងស្រ្តី, ការគោរពដល់វប្បធម៌ និងការគិតគូរដល់ធម្មជាតិ
ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាគណៈអធិបតី និងថ្លែងសុន្ទរកថាពិសេសក្នុងពិធីកម្រិតតំបន់បើកវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៦ (Mekong Tourism Forum-MTF 2026) ក្រោមប្រធានបទ «ទេសចរណ៍សម្រាប់ប្រជាជន ការធ្វើដំណើរប្រកបដោយគោលបំណង» ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម Maung Myint រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ ទេសចរណ៍ និងវប្បធម៌ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ឯកឧត្តម Aung Naing Thu អភិបាលនៃគណៈអភិបាលតំបន់យ៉ាងហ្គូន លោកស្រី Dee Suvimol Thanasarakij នាយិកាប្រតិបត្តិការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ ព្រមទាំងថ្នាក់ដឹកនាំវិស័យទេសចរណ៍នៃបណ្តាប្រទេសអនុតំបន់មេគង្គ (កម្ពុជា ចិន មីយ៉ាន់ម៉ា វៀតណាម ថៃ និងឡាវ) ដៃគូអភិវឌ្ឍន៍វិស័យឯកជន អ្នកជំនាញអន្តរជាតិ និងភាគីពាក់ព័ន្ធជាច្រើន នៅទីក្រុងយ៉ាងហ្គូន។
ក្នុងសុន្ទរកថាបើកដ៏ពិសេសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាប្រធានបទ «ទេសចរណ៍សម្រាប់ប្រជាជន ការធ្វើដំណើរប្រកបដោយគោលបំណង» បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការអភិវឌ្ឍវិស័យទេសចរណ៍ដែលផ្តោតលើប្រជាជន សហគមន៍មូលដ្ឋាន វប្បធម៌ និងបរិស្ថាន ជាជាងផ្តោតតែលើចំនួនភ្ញៀវទេសចរដែលត្រូវតែបង្កើតតម្លៃ និងផលប្រយោជន៍ជាក់ស្តែងជូនប្រជាជនមូលដ្ឋាន លើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ ផ្តល់ឱកាសដល់យុវជន និងស្ត្រី ព្រមទាំងចូលរួមថែរក្សាវប្បធម៌ អត្តសញ្ញាណជាតិ និងធនធានធម្មជាតិឱ្យបានគង់វង្ស។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងថា អនុតំបន់មេគង្គ មានសក្តានុពលទេសចរណ៍យ៉ាងសម្បូរបែប ដោយមានបេតិកភណ្ឌវប្បធម៌ ព្រមទាំងធនធានធម្មជាតិដ៏សម្បូរបែប ដែលអាចអភិវឌ្ឍជាគោលដៅទេសចរណ៍រួមប្រកបដោយភាពទាក់ទាញ។ ដើម្បីសម្រេចបាននូវសក្ដានុពលនេះ បណ្តាប្រទេសក្នុងតំបន់ត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា រួមមាន ការប្រែប្រួលអាកាសធាតុ ការប្រកួតប្រជែងក្នុងទីផ្សារទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីធានាបាននូវកំណើនទេសចរណ៍ប្រកបដោយចីរភាព។
ឆ្លងកាត់តាមបទពិសោធដែលកម្ពុជាធ្លាប់បានឆ្លងកាត់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកនូវអាទិភាពសំខាន់ៗ សម្រាប់អនុវត្តដើម្បីអភិវឌ្ឍវិស័យទេសចរណ៍មេគង្គ រួមមាន៖ ការកំណត់ប្រជាជនជាស្នូលនៃការអភិវឌ្ឍទេសចរណ៍ ការជំរុញការធ្វើដំណើរប្រកបដោយគោលបំណង ការពង្រឹងការតភ្ជាប់ក្នុងតំបន់ ការពន្លឿនបរិវត្តកម្មឌីជីថល និងការកសាងវិស័យទេសចរណ៍បៃតង ប្រកបដោយភាពធន់ និងចីរភាព។
ជាការកត់សម្គាល់វេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៦ ក៏បានជាឱកាសដ៏ពិសេសវិសាលដែលកម្ពុជាអាចពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងតំបន់ តាមរយៈការរៀបចំកិច្ចប្រជុំក្រុមការងារទេសចរណ៍រួមកម្ពុជា-មីយ៉ាន់ម៉ាលើកទី៥ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងមីយ៉ាន់ម៉ា និងការប្រកាសដាក់ឱ្យដំណើរការយុទ្ធនាការផ្សព្វផ្សាយរួម «ប្រទេសពីរ គោលដៅទេសចរណ៍មួយ» ដែលនឹងជួយជំរុញលំហូរភ្ញៀវទេសចរ ការផ្លាស់ប្តូរប្រជាជន និងពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្សព្វផ្សាយយុទ្ធនាការ «ទស្សនាកម្ពុជានារដូវកាលបៃតង ឆ្នាំ២០២៦» ព្រមទាំងបានអញ្ជើញប្រជាជនមីយ៉ាន់ម៉ា និងភ្ញៀវទេសចរអន្តរជាតិ មកទស្សនាកម្ពុជា ដើម្បីស្វែងយល់ពីសម្រស់ធម្មជាតិបៃតង បេតិកភណ្ឌពិភពលោក វប្បធម៌ដ៏សម្បូរបែប ម្ហូបអាហារដ៏ឆ្ងាញ់ពិសារ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅពោរពេញដោយស្នាមញញឹមរបស់ប្រជាជនកម្ពុជា ដែលធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញពេញមួយឆ្នាំ។
កម្មវិធីទី៨ នៃដំណើរទស្សនកិច្ចការងារនៅទីក្រុងយ៉ាងហ្គូន សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
ទីក្រុងយ៉ាងហ្គូន ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។



