[English Below]
ទីក្រុងសៀមរាប និងទីក្រុងយ៉ាងហ្គូនដែលជាទីក្រុងបេតិកភណ្ឌ និងទេសចរណ៍ដ៏ចំណាស់ និងល្បីល្បាញនៅអាស៊ាននឹងភ្ជាប់គ្នាជាទីក្រុងបងប្អូនគ្នា
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ជាមួយឯកឧត្តម Aung Naing Thu អភិបាលនៃគណៈអភិបាលតំបន់យ៉ាងហ្គូន នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងកម្ពុជា និងតំបន់យ៉ាងហ្គូន ឱ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាពពីអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍។
ក្នុងជំនួបពិភាក្សាប្រកបដោយភាពស្និទ្ធស្នាល និងផ្លែផ្កា ឯកឧត្តមអភិបាលតំបន់យ៉ាងហ្គូន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងទេសចរណ៍ជាន់ខ្ពស់កម្ពុជា ព្រមទាំងបានបង្ហាញការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងសាសនាដែលកំពុងទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើនឡើង។
តាមរយៈកិច្ចពិភាក្សាលើគ្រប់ទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិការទេសចរណ៍ ភាគីទាំងពីរបានឯកភាពជំរុញការផ្លាស់ប្តូរបទពិសោធន៍ និងការអនុវត្តល្អៗ ក្នុងការគ្រប់គ្រងគោលដៅទេសចរណ៍ ការអភិវឌ្ឍទេសចរណ៍បែបសាសនា និងការអភិរក្សបេតិកភណ្ឌវប្បធម៌ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងយ៉ាងហ្គូន និងគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដូចជា រាជធានីភ្នំពេញ និងខេត្តសៀមរាប។
ជាក់ស្តែង ភាគីទាំងពីរ បានឯកភាពជំរុញការរៀបចំសកម្មភាពផ្សព្វផ្សាយទេសចរណ៍រួម និងការចូលរួមក្នុងពិព័រណ៍ទេសចរណ៍នានា ដើម្បីបង្កើនការយល់ដឹងអំពីសក្តានុពលទេសចរណ៍របស់ភាគីទាំងពីរ ព្រមទាំងជំរុញអនុវត្តគម្រោង “ប្រទេសពីរ គោលដៅមួយ” ដែលតភ្ជាប់ប្រទេសកម្ពុជា និងទីក្រុងយ៉ាងហ្គូន។
បន្ថែមពីលើនេះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការជំរុញទេសចរណ៍ធម្មយាត្រាព្រះពុទ្ធសាសនា តាមរយៈការប្រើប្រាស់សក្តានុពលបេតិកភណ្ឌព្រះពុទ្ធសាសនាដ៏សម្បូរបែបរបស់កម្ពុជា និងមីយ៉ាន់ម៉ា ព្រមទាំងគាំទ្រការផ្លាស់ប្តូរព្រឹត្តិការណ៍វប្បធម៌ ពិធីបុណ្យ និងផលិតផលទេសចរណ៍ ដែលរួមចំណែកពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យភាគីទីក្រុងយ៉ាងហ្គូន លើកទឹកចិត្តដល់សហគ្រាសទេសចរណ៍ ប្រតិបត្តិករសណ្ឋាគារ ភ្នាក់ងារទេសចរណ៍ និងអ្នកវិនិយោគដែលមានមូលដ្ឋាននៅទីក្រុងយ៉ាងហ្គូន ស្វែងរកឱកាសវិនិយោគក្នុងវិស័យទេសចរណ៍នៅកម្ពុជា ព្រមទាំងគាំទ្រការរៀបចំវេទិកាវិនិយោគទេសចរណ៍ និងសកម្មភាពផ្គូផ្គងអាជីវកម្មរវាងវិស័យឯកជននៃភាគីទាំងពីរ។
គួរបញ្ជាក់ផងដែរថា ទីក្រុងយ៉ាងហ្គូន គឺជាទីក្រុងធំបំផុត និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ដ៏សំខាន់របស់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលមានសក្តានុពលខ្ពស់លើវិស័យពាណិជ្ជកម្ម កំពង់ផែ ភស្តុភារ និងទេសចរណ៍ ជាពិសេសទេសចរណ៍វប្បធម៌ និងទេសចរណ៍សាសនា ដោយមានគោលដៅទេសចរណ៍ល្បីល្បាញដូចជា វត្ត Shwedagon និងសំណង់បេតិកភណ្ឌប្រវត្តិសាស្រ្តសម័យអាណានិគមជាច្រើន។
កម្មវិធីទី៧ នៃដំណើរទស្សនកិច្ចការងារ។
ទីក្រុងយ៉ាងហ្គូន សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។
Siem Reap and Yangon, Two Historic Heritage and Tourism Cities in ASEAN, to Become Sister Cities
H.E. HUOT Hak, Minister of Tourism, led a high-level delegation from the Ministry of Tourism to hold a working meeting and exchange views with H.E. Aung Naing Thu, Chief Minister of the Yangon Region Government of the Republic of the Union of Myanmar, on strengthening and expanding tourism cooperation between Cambodia and the Yangon Region in a more practical and effective manner, building upon the Memorandum of Understanding on Tourism Cooperation.
During the cordial and productive meeting, the Chief Minister warmly welcomed H.E. the Minister and the Cambodian delegation and expressed his appreciation for Cambodia’s tourism development, particularly its cultural, historical, and religious tourism destinations, which continue to attract a growing number of international visitors.
Through comprehensive discussions on various aspects of tourism cooperation, both sides agreed to promote the exchange of experiences and best practices in destination management, religious tourism development, and cultural heritage conservation. They also agreed to strengthen cooperation between Yangon and Cambodia’s key tourism destinations, including Phnom Penh and Siem Reap.
In particular, both sides agreed to jointly organize tourism promotion activities and participate in tourism fairs and exhibitions to enhance awareness of the tourism potential of both destinations. They also committed to advancing the implementation of the “Two Countries, One Destination” initiative, connecting Cambodia and Yangon as complementary tourism destinations.
Furthermore, the two sides discussed promoting Buddhist pilgrimage tourism by leveraging the rich Buddhist heritage of both Cambodia and Myanmar. They also expressed support for the exchange of cultural events, festivals, and tourism products, which will contribute to strengthening people-to-people ties between the two countries.
On this occasion, H.E. the Minister encouraged the Yangon side to motivate tourism enterprises, hotel operators, travel agencies, and investors based in Yangon to explore investment opportunities in Cambodia’s tourism sector. He also sought support for organizing tourism investment forums and business matching activities between private sector stakeholders from both sides.
It is worth noting that Yangon is Myanmar’s largest city and serves as the country’s principal economic, commercial, and tourism hub. The city possesses significant potential in trade, port operations, logistics, and tourism, particularly cultural and religious tourism. Yangon is home to renowned attractions such as the Shwedagon Pagoda and numerous historic colonial-era heritage buildings.
7th event of the official working visit to Yangon, Republic of the Union of Myanmar.
Yangon City, 17 June 2026.



