ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី បានយាងចាកចេញពីកម្ពុជា ដើម្បីទៅពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង ប្រទេសចិន

រាជធានី​ភ្នំពេញ ​៖ ​ព្រះករុណាព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជានិង​សម្ដេចព្រះ​មហាក្សត្រី នរោត្ដម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាពសេចក្ដី​ថ្លៃថ្នូរនិង​សុភមង្គលជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះ​អង្គ​ទាំង​ទ្វេ​បាន​សព្វព្រះរាជហឫទ័យស្ដេច​យាង​ចាក​ចេញពី​កម្ពុជា​ហើយ នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៦ តាម​ព្រះ​ទីនាំង​យន្តហោះ​ពិសេសឆ្ពោះទៅ​កាន់​ទីក្រុង​ប៉េ​កាំ​ង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​គង់​ប្រថាប់​ពិនិត្យ ព្រះរាជ​សុខភាព​មួយ​រយៈ​នៅ​ទីនោះ​។

 

យាង​និង​អញ្ជើញ​ថ្វាយ​ព្រះរាជ​ដំណើរ​របស់​ព្រះ​អង្គ​ទាំង​ទ្វេ​ដល់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​តេ​ជោ​មាន​វត្តមាន សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវព្រមទាំងសមាជិក​សមាជិកា​ឧត្តម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ មន្ត្រី​អ្នកមុខអ្នកការ និង​ព្រះរាជ​វង្សានុវង្ស​ជា​ច្រើន​រូប​ទៀត​។

ដោយឡែក​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា និង​មន្ត្រី​ស្ថានទូត ក៏​មាន​វត្តមាន ក្នុង​ឱកាស​នោះ​ផង​ដែរ​។

ក្នុង​ព្រះរាជ​សារ​ចុះ​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០២៦ផ្ញើ​ជូន​ជនរួមជាតិ​របស់​ព្រះករុណា​ព្រះ មហាក្សត្រ​បាន​គូសបញ្ជាក់​ថា​៖ «​ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ និង សម្តេចព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សូម​ព្រះ​អនុញ្ញាត និង​អនុញ្ញាត​ពី​សម្តេចព្រះ​មហាសង្ឃរាជ​ទាំង​ពីរ​គណៈ និង​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះ​អង្គ សម្តេច ឯកឧត្តម លោក​ជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយ​ៗ​ជនរួមជាតិ​ទាំងអស់ អវត្តមាន​ពី​មាតុប្រទេស ចាប់ពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៦ តទៅដើម្បី​ធ្វើ​ដំណើរ​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​នៅ​រដ្ឋធានី​ប៉េ​កាំ​ង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ នៅ​ក្នុង​ឱកាស​អវត្តមាន​របស់ទូលព្រះបង្គំខ្ញុំព្រះករុណា ខ្ញុំ ខាងលើ​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នឹង​ទទួល​ជួយ​ក្នុង​ព្រះ​បរម​នាម ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ជា​ប្រមុខរដ្ឋ​ស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។

គួរ​បញ្ជាក់​ដែរ​ថានេះ​គឺជា​ព្រះរាជ​ដំណើរ​យាង​ជា​ទៀងទាត់របស់​ព្រះករុណា​ព្រះមហាក្សត្រនិង​សម្ដេចព្រះ​មហាក្សត្រីដើម្បី​យាង​ទៅ​កាន់​រាជធានី​ប៉េ​កាំ​ង​សាធារណរដ្ឋ​ប្រជាមានិត​ចិនពិនិត្យ​ព្រះរាជ​សុខភាព​៕

 

Leave a Reply

Your email address will not be published. Required fields are marked *