កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញនិងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី

[English Below]
កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី

ឆ្លៀតក្នុងឱកាសអមដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកជំទាវ Lam Thi Phoung Thanh រដ្ឋមន្រ្តីក្រសួងវប្បធម៍ កីឡា និងទេសចរណ៍វៀតណាម និងសហការីជាន់ខ្ពស់ នៅទីស្តីការក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរចំពោះលោកជំទាវ Lam Thi Phoung Thanh ដែលត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម និងគូសបញ្ជាក់ថាក្រោមការដឹកនាំរបស់លោកជំទាវរដ្ឋមន្រ្តី កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ នឹងរឹតតែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។

ក្នុងជំនួបដ៏សំខាន់ ​និងប្រកបដោយផ្លែផ្កានេះ រដ្ឋមន្រ្តីទាំងពីរ បានផ្លាស់ប្តូរយោបល់ និងទស្សនៈស៊ីជម្រៅលើការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ អនុលោមតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ កម្ពុជា-វៀតណាម ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០២៣ ដោយបានឯកភាពលើផែនការសកម្មភាពការងារសំខាន់ៗ៖
១. ជំរុញការតភ្ជាប់ទេសចរណ៍តាមគ្រប់មធ្យោបាយ ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសបន្ថែមទៀត ជាពិសេស ឯកភាពក្នុងការតភ្ជាប់ខ្សែនាវាចរណ៍តាមសមុទ្ររវាងកំពង់ផែអន្តរជាតិកោះភូកួក និងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត និងទេសចរណ៍តាមនាវាតាមបណ្តោយទន្លេមេគង្គនៃប្រទេសទាំងពីរ ដោយភ្ជាប់ពីទីក្រុងហូជីមិញមករាជធានីភ្នំពេញ និងខេត្តសៀមរាប និងអាចភ្ជាប់ទៅប្រទេសឡាវនាពេលអនាគត ដើម្បីជំរុញកំណើនទេសចររវាងប្រទេសទាំងពីរ និងពីប្រទេសទី៣។
២. ជំរុញរៀបចំព្រឹត្តិការណ៍ទេសចរណ៍គ្នានៅតាមបណ្តាខេត្តជាប់ព្រំដែនរវាងប្រទេសទាំងពីរ រួមមាន៖ វេទិកាវិនិយោគទេសចរណ៍ ព្រឹត្តិការណ៍ទេសចរណ៍ វេទិកាទេសចរណ៍ម្ហូបអាហារ និងទេសចរណ៍កីឡា
៣. ជំរុញតភ្ជាប់គោលដៅទេសចរណ៍សំខាន់ៗ រវាងប្រទេសទាំងពីរ ដោយជំរុញកិច្ចសហការរវាងផ្នែកឯកជនក្នុងការរៀបចំកញ្ចប់ទេសចរណ៍រួម ជាពិសេសការរៀបចំកញ្ចប់ទេសចរណ៍ទៅគោលដៅទេសចរណ៍បន្ទាប់បន្សំ (Secondary Destination) ដើម្បីបង្កើនរយៈពេលស្នាក់នៅរបស់ទេសចរក្នុងប្រទេសទាំងពីរ ក៏ដូចជាការធ្វើពិពិធកម្មផលិតផលទេសចរណ៍រួមគ្នា
៤. បង្កើនកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយផ្លាស់ប្តូរការបណ្តុះបណ្តាលទេសចរណ៍ក្នុងប្រទេសទាំងពីរ ដោយប្រទេសទាំងពីរមានគ្រឹះស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមានភាពឈានមុខក្នុងផ្នែកបដិសណ្ឋារកិច្ច
៥. ជំរុញរៀបចំផ្លាស់ប្តូរដំណើរទស្សនកិច្ចស្វែងយល់សម្រាប់ Influnencers និងផ្នែកឯកជននៃប្រទេសទាំងពីរ ដើម្បីអាចមកស្វែងយល់ពីសក្តានុពលដ៏សម្បូរបែប និងបន្តផ្សព្វផ្សាយដល់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាប្រទេសទីបី។

ដើម្បីជំរុញអនុវត្តនូវផែនការដែលបានដាក់ចេញខាងលើឱ្យបានជាក់ស្តែង និងប្រកបដោយប្រសិទ្ធិភាព ក្រុមការងារបច្ចេកទេស ត្រូវបានចាត់តាំង ដើម្បីតាមដានការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ និងគ្រោងបន្តពិនិត្យវឌ្ឍនភាពនាកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា-ឡាវ-វៀតណាមលើកទី១ អំឡុងពេលនៃពិព័រណ៍ទេសចរណ៍អន្តរជាតទីក្រុងហូជីមិញ (ITE-HCMC) ក្នុងខែសីហា ឆ្នាំ២០២៦ នៅទីក្រុងហូជីមិញខាងមុខ។

រដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦

Cambodia and Vietnam Agree on Joint Action Plans to Promote and Increase Tourist Flows Between the Two Countries and from Third Country

On the occasion of accompanying the Official Visit of Samdach Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, to the Socialist Republic of Viet Nam (SRV), H.E. HUOT Hak, Minister of Tourism of Cambodia, held a bilateral working meeting with H.E. Ms. Lam Thi Phoung Thanh, Minister of Culture, Sports and Tourism of Vietnam, and senior officials at the Ministry of Culture, Sports and Tourism of Vietnam’s headquarters.

At the outset, H.E. Minister Huot Hak extended his heartfelt congratulations to H.E. Ms. Lam Thi Phoung Thanh on her appointment as Minister of Culture, Sports and Tourism of Vietnam and expressed confidence that under her leadership, tourism cooperation between the two countries would be further strengthened and expanded.

During this productive and fruitful meeting, the two Ministers exchanged views and in-depth perspectives on enhancing tourism cooperation in line with the Memorandum of Understanding on Tourism Cooperation between Cambodia and Vietnam, signed in 2023; by agreeing on the following key action plans:

1. Strengthening Tourism Connectivity Through All Modes of Transport
Both sides agreed to further enhance tourism connectivity by land, water, and air. In particular, they agreed to promote maritime connectivity between Phu Quoc International Port and Kampot International Tourist Port, as well as Mekong River cruise tourism linking Ho Chi Minh City with Phnom Penh and Siem Reap province, with the potential to extend to Laos in the future. These initiatives aim to boost tourist flows between the two countries and attract visitors from third country.

2. Organizing Joint Tourism Events Along Border Provinces
The two countries agreed to promote the organization of tourism-related events in border provinces, including tourism investment forums, tourism festivals and events, gastronomy tourism forums, and sports tourism activities.

3. Enhancing Connectivity Between Key Tourism Destinations
Both sides agreed to strengthen cooperation in linking major tourism destinations through closer collaboration between private-sector stakeholders in developing joint tour packages. Particular emphasis will be placed on promoting secondary destinations to encourage longer visitor stays and diversify tourism products offered by both countries.

4. Expanding Human Resources Development Cooperation in Tourism
The two countries agreed to enhance cooperation in tourism human resources development through training exchanges and collaboration between tourism and hospitality training institutions, leveraging the strengths and expertise of both countries in the hospitality sector.

5. Promoting Familiarization Trips for Influencers and Private Sector Representatives
Both sides agreed to organize exchange visits and familiarization trips for influencers and private-sector representatives from both countries. These visits will provide opportunities to explore the diverse tourism potential of each country and further promote tourism to citizens of both countries as well as third country.

To ensure the effective implementation of the above action plans, technical working groups have been established to closely monitor progress and coordinate implementation. Progress will be reviewed at the 1st Cambodia-Laos-Vietnam Tourism Minister’s Meeting, scheduled to be held on sidelines of the International Travel Expo Ho Chi Minh City 2026 in this upcoming August 2026 in Ho Chi Minh City.

Hanoi capital, Socialist Republic of Viet Nam (SRV), 8 June 2026.

Leave a Reply

Your email address will not be published. Required fields are marked *