ក្រសួងទេសចរណ៍គាំទ្រលើការរៀបចំព្រឹត្តិការណ៍ជាលក្ខណៈអន្តរជាតិ «ពានរង្វាន់ច្នៃប្រឌិត នវានុវត្តន៍អន្តរជាតិ ICIA (International Creativity and Innovation Award)» របស់ក្រុមហ៊ុន KRYA Global (ឥណ្ឌូណេស៊ី) នៅកម្ពុជា

ក្រសួងទេសចរណ៍គាំទ្រលើការរៀបចំព្រឹត្តិការណ៍ជាលក្ខណៈអន្តរជាតិ «ពានរង្វាន់ច្នៃប្រឌិត នវានុវត្តន៍អន្តរជាតិ ICIA (International Creativity and Innovation Award)» របស់ក្រុមហ៊ុន KRYA Global (ឥណ្ឌូណេស៊ី) នៅកម្ពុជា

​ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Antonius Malem Barus សហស្ថាបនិក និង
ជានាយកប្រតិបត្តិក្រុមហ៊ុន KRYA Global (ឥណ្ឌូណេស៊ី) ដឹកនាំដៃគូវិនិយោគពីសឹង្ហបូរី និងកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម រាយការណ៍ពីសកម្មភាពអាជីវកម្ម ទិសដៅ និងគម្រោងរៀបចំកម្មវិធីទេសចរណ៍អប់រំ នៅទីស្តីការក្រសួង។

ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់ក្នុងការបើកចំហទីផ្សារបន្ថែមទៀត លោកនាយកប្រតិបត្តិ និងដៃគូសហការអន្តរជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមរដ្ឋមន្រ្តីបានអនុញ្ញាតដល់ក្រុមហ៊ុនបានចូលជួបសម្តែងការគួរសម និងជម្រាបអំពីសកម្មភាពក្រុមហ៊ុនកន្លងមកនៅបណ្តាប្រទេសអាស៊ានប្រកបដោយលទ្ធផលគួរជាទីមោទនៈ ដោយមានអ្នកចូលរួមជិត១ពាន់នាក់ក្នុងមួយលើកៗ។ ដោយមើលឃើញពីការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា កត្តាសុខសន្តិភាព សុវត្ថិភាព ពិសេសក្នុងវិស័យបដិសណ្ឋារកិច្ច និងទីកន្លែងរៀបចំកម្មវិធីធំៗ និងប្រណីតភាព លោកនាយក និងដៃគូសហការចម្រុះជាតិសាសន៍ បានសម្រេចចិត្តរៀបចំព្រឹត្តការណ៍បែបទេសចរណ៍អប់រំលំដាប់អន្តរជាតិនេះឡើងនៅកម្ពុជា ដោយរំពឹងថាអ្នកចូលរួមពីបណ្តាប្រទេសនៅតំបន់អាស៊ាន និងប្រទេសដទៃទៀតដែលលើសពី៧០០នាក់។​ ក្នុងឱកាសនោះ លោកនាយក ក៏បានគោរពអញ្ជើញឯកឧត្តមរដ្ឋមន្ត្រីចូលរួមជាគណៈអធិបតីក្នុងព្រឹត្តការណ៍បែបទេសចរណ៍អន្តរជាតិដ៏ធំ ដែលគ្រោងរៀបចំនៅកម្ពុជានាពេលខែមេសាខាងមុខផងដែរ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែកដ៏សកម្ម និងនាំមកនូវលទ្ធផលគួរជាទីមោទនៈរបស់ក្រុមហ៊ុនដល់វិស័យទេសចរណ៍កម្ពុជាកន្លងមក និងគំនិតផ្តួចផ្តើមដ៏ល្អ និងមានតម្លៃបន្ថែមទៀតនាពេលនេះ។ ក្នុងនាមក្រសួងទេសចរណ៍ និងមហាគ្រួសារវិស័យទេសចរណ៍ ឯកឧត្តមរដ្ឋមន្រ្តី គាំទ្រ និងផ្តល់នូវអនុសាសន៍តម្រង់ទិសបន្ថែមលើគំនិតផ្តួចផ្តើមនេះ និងសម្រាប់ការអនុវត្តជាក់ស្តែង ដើម្បីឱ្យគម្រោងរៀបចំព្រឹត្តការណ៍ទេសចរណ៍អប់រំដ៏ធំនេះសម្រេចបានជោគជ័យដែលពិតជាបង្កើនលំហូរភ្ញៀវឥណ្ឌូណេស៊ី និងពីបណ្តាប្រទេសអាស៊ានកាន់តែច្រើនមកកាន់កម្ពុជា។

រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ (កម្មវិធីជំនួបដៃគូសហប្រតិបត្តិការបរទេសទី៥)។

Leave a Reply

Your email address will not be published. Required fields are marked *