ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ វិស័យទេសចរណ៍ ជាវិស័យងាយរងផលប៉ះពាល់ពីព័ត៌មានក្លែងក្លាយ និងអវិជ្ជមានដែលទាមទារការឆ្លើយតបឱ្យបានទាន់ពេលវេលា សកម្ម និងប្រកបដោយប្រសិទ្ធិភាព

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ វិស័យទេសចរណ៍ ជាវិស័យងាយរងផលប៉ះពាល់ពីព័ត៌មានក្លែងក្លាយ និងអវិជ្ជមានដែលទាមទារការឆ្លើយតបឱ្យបានទាន់ពេលវេលា សកម្ម និងប្រកបដោយប្រសិទ្ធិភាព

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងពង្រឹងការងារទំនាក់ទំនងសាធារណៈនិងព័ត៌មានក្នុងគោលបំណង (១) បន្ពពង្រឹង និងដាក់ចេញនូវយុទ្ធសាស្រ្តថ្មីៗ សម្រាប់ ក្រុមការងារចំនួន ៤ មានក្រុមអ្នកនាំពាក្យ, ក្រុមការងារ influencers, ក្រុមការងារ Media, ក្រុមការងារបរិវត្តកម្មឌីជីថល,(២) ពង្រឹងសង្គតិភាពនិងសុខដុមនីយកម្មនៃក្រុមការងារ និង (៣) ពង្រឹងប្រសិទ្ធភាពការងារជាលក្ខណៈជវភាពជាប្រព័ន្ធតែមួយ ដោយបានវាយតម្លៃលើចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈមកន្លងមក ការឆ្លើយតបនឹងសំណូមពរ និងដាក់ចេញនូវទិសដៅការងារបន្តលើបញ្ហាប្រឈមថ្មីៗ ចំពោះមុខ។

ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង, ឯកឧត្តមអគ្គនាយក, លោក លោកស្រី អគ្គនាយករងទទួលបន្ទុក, ប្រធាន និងអនុប្រធាននាយកដ្ឋាន, តំណាងក្រុមប្រឹក្សាសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ព្រមទាំងមន្ត្រីសរុបទាំងអស់ចំនួន៤០នាក់។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការងារទំនាក់ទំនងសាធារណៈនិងព័ត៌មាន គឺត្រូវតែពង្រឹងឱ្យមានភាពប្រទាក់ក្រឡាជាប្រព័ន្ធតែមួយ និងមានកិច្ចសហការឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេសការត្រៀមខ្លួនរួចជាស្រេចជាលក្ខណៈបុរេសកម្ម សកម្ម និងជាប់ជាប្រចាំនៅក្នុងសមរភូមិព័ត៌មានទេសចរណ៍ ដោយ «ចាក់ទឹកថ្លា ក្នុងទឹកល្អក់»។

ក្នុងន័យនេះ យើងត្រូវយកចិត្តទុកដាក់ទាំងលើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅតាមទីផ្សារគោលដៅ, ពង្រីកការផ្សព្វផ្សាយអំពីកិត្តិនាមកម្ពុជា និងព័ត៌មានវិជ្ជមានឱ្យកាន់តែខ្លាំងបន្ថែមទៀត ព្រមទាំងការឆ្លើយតបនិងវាយបក ឱ្យបានទាន់ពេលវេលា ប្រកបដោយភាពច្នៃប្រឌិត និងប្រសិទ្ធិភាពខ្ពស់។

បន្ថែមពីនេះ ក្នុងកិច្ចប្រជុំវឌ្ឍនភាពក្រុមការងារបណ្តាញ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យតាមដានឱ្យទាន់បុរេសកម្ម និងសកម្មចំពោះបញ្ហាប្រឈមមុខ ជាពិសេសបញ្ហាទេសចរណ៍ក្នុងបរិបទពិភពលោក ដែលកំពុងជួបប្រទះនឹងស្ថានភាពសង្គ្រាម និងការរំខាននានា។ ជាពិសេស ត្រូវយកចិត្តទុកដាក់លើការតាមដាន និងឆ្លើយតបចំពោះការលាបពណ៌ពីការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងអវិជ្ជមាន ដែលប៉ះពាល់ដល់កិត្តិនាមកម្ពុជា រួមទាំងអត្ថបទមួយចំនួនដែលបានប្រើប្រាស់ពាក្យ “scambodia”។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ការងារក្រុមអ្នកនាំពាក្យ ត្រូវកំណត់វិធានការជាក់លាក់ ឱ្យស្របតាមគោលការណ៍បុរេសកម្ម សកម្ម អន្តរសកម្ម និងប្រតិកម្ម។ ពាក់ព័ន្ធនឹងការងារមេឌៀរ និង Influencers ត្រូវពង្រឹងសមត្ថភាព ជំនាញ AI ដើម្បីឆ្លើយតបនឹងនិន្នាការថ្មីរបស់បច្ចេកវិទ្យាដែលវិវត្តឥតឈប់ឈរ និង រិតចំណងជិតស្និទ្ធជាមួយក្រុមអ្នកផលិតមាតិកាព័ត៌មាន។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ដល់ក្រុមការងារបរិវត្តកម្មឌីជីថល ត្រូវបន្តពន្លឿនការងារ Visit App Cambodia, Visit Cambodia Web site, ពង្រឹងការងារ Hotline 1221, ជំរុញលំហូរចរន្តឯកសាររដ្ឋបាលតាមប្រព័ន្ធបច្ចេកវិទ្យា និងបង្កើតMedia Server សម្រាប់ផ្ទុកទិន្នន័យ រូបភាព និងវីដេអូជារួមរបស់ក្រសួងទេសចរណ៍ផងដែរ។

ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦

Leave a Reply

Your email address will not be published. Required fields are marked *