ក្រសួងបរិស្ថាននឹងជំរុញការបណ្តុះ និងចែកកូនឈើឱ្យបាន៥លានដើមក្នុងឆ្នាំ២០២៦នេះ ដើម្បីចែកជូនពលរដ្ឋយកទៅដាំ

ភ្នំពេញៈ នៅក្នុងឆ្នាំ២០២៥ ក្រសួងបរិស្ថានបានចែកជូនកូនឈើជាង ៣,៤លានដើម ក្នុងនោះមានកូនត្នោតចំនួន១លានដើម ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ដើម្បីយកទៅដាំនៅតាមទីសាធារណៈនានា និងដាំស្តារព្រៃសហគមន៍ឡើងវិញជាដើម។

ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃសៅរ៍ ទី៣ ខែមករានេះថា កូនឈើទាំងនោះបានមកពីថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ចំនួន៥ នៅខេត្តត្បូងឃ្មុំ សៀមរាប កំពង់ស្ពឺ កោះកុង និងមណ្ឌលគិរី និងថ្នាលរបស់មន្ទីរបរិស្ថានរាជធានី-ខេត្តនៅទូទាំងប្រទេសផងដែរ។

ក្នុងគម្រោងឆ្នាំ២០២៦នេះ ក្រសួងបរិស្ថាននឹងជំរុញការបណ្តុះ និងចែកកូនឈើឱ្យបានចាប់ពី៥លានដើម ដើម្បីចែកជូនសាធារណជន យកទៅដាំក្នុងរដូវវស្សាខាងមុខ នៅតាមផ្ទះ សាលារៀន វត្តអារាម និងទីសាធារណៈនានាជាដើម។

អនុលោមតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ហើយក្រសួងបរិស្ថាន បានរៀបចំអនុវត្ត និងដាក់ចេញនូវយុទ្ធនាការ«ពន្លកបៃតង» ដោយបណ្តុះកូនឈើ ចែកកូនឈើ និងដាំដើមឈើយ៉ាងតិច ១លានដើមក្នុង១ឆ្នាំ។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែតបានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្រសួងបរិស្ថាន បានផ្តួចផ្តើមដឹកនាំ និងជំរុញការបណ្តុះកូនឈើ នៅតាមមន្ទីរបរិស្ថាន។ លើសពីនេះ ក៏បានបង្កើតថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទាំង៥នោះបន្ថែមទៀតផងដែរ។

ក្នុងឆ្នាំ២០២៥កន្លងមក ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ខេត្តត្បូងឃ្មុំ មាន៣៧២រោង និងផលិតកូនឈើបានចំនួន ១លានដើម, ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ខេត្តកំពង់ស្ពឺ មាន ៥៩២រោង និងផលិតកូនឈើបានជាង ១,៣លានដើម, ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ខេត្តសៀមរាប មាន ៧២រោង និងផលិតកូនឈើបានជាង ៣៣ម៉ឺនដើម, ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ខេត្តកោះកុង មាន ៩៤រោង និងផលិតកូនឈើបានជាង ៨០ម៉ឺនដើម និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ខេត្តមណ្ឌលគិរី មាន ៩៦រោង និងផលិតកូនឈើបានជាង ២២ម៉ឺនដើម។

នាពេលបច្ចុប្បន្ននេះ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទាំងនេះ ក៏បាននិងកំពុងចូលរួមចំណែកក្នុងចលនាដាំបន្លែដើម្បីជាតិផងដែរ។ ក្នុងនោះក៏បានចែករំលែកចំណេះដឹងក្នុងការដាំដុះកូនឈើព្រៃ កូនឈើហូបផ្លែ និងបន្លែផ្សេងៗ រួមមាន ស្ពៃ ត្រកួន ត្រប់ ននោង និងត្រសក់ ជាដើម ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងយុវជនកម្ពុជា។ ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន អាចដាំដុះបន្ថែម នៅតាមសាលារៀន វត្តអារាម និងតាមមូលដ្ឋាននានា ស្របតាមគោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយលើកកម្ពស់សន្តិសុខស្បៀងគ្រួសារ និងជួយបង្កើនចំណូលសម្រាប់ជីវភាព។ សកម្មភាពនេះ គឺជាការចូលរួមចំណែកក្នុងចលនា «យើងរួមគ្នាដើម្បីជាតិ» ផ្ដួចផ្ដើមគំនិតដោយលោកស្រីពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា។ ចលនានេះផុសសកម្មភាពដាំបន្លែដើម្បីជាតិ ដើម្បីទ្រទ្រង់ដល់វីរកងទ័ព វីរនគរបាលជួរមុខការពារព្រំដែន និងជនភៀសសឹក ដោយសារការឈ្លានពានទឹកដីពីសត្រូវ។ លើសពីនេះ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទាំងអស់ ត្រូវបានរៀបចំឱ្យមានហេដ្ឋរចនាសម្ព័ន្ធ សម្រាប់ការធានាការបណ្តុះកូនឈើ និងការស្រោចស្រព ដោយប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ការទាក់ទាញទេសចរណ៍ ដែលអាចបង្កើនចំណូលសម្រាប់សហគមន៍មូលដ្ឋានផងដែរ៕

 

ប្រភព​ ភ្នំពេញ ប៉ុស្

Leave a Reply

Your email address will not be published. Required fields are marked *