ពិធីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍

ពិធីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍

ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ក្នុងគោលបំណងដើម្បីសំណេះសំណាល និងជួបជុំគ្នាដើម្បីអបអរសាទរការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាការថ្លែងអំណរគុណ ដល់ឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលបានបំពេញកិច្ចការងារជាច្រើននាពេលកន្លងមក ក្នុងស្មារតី បុរេសកម្ម, សកម្ម, និង អន្តរសកម្ម។

ពិធីដ៏មានអត្ថន័យពោរពេញដោយសាមគ្គីភាពនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាអនុប្រធានគណៈកម្មាធិការគណបក្សក្រសួង សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សក្រសួងនិងសមាជិក សមាជិកាគណៈកម្មាធិការគណបក្សក្រសួង ព្រមទាំងសមាជិក សមាជិកាគណបក្សក្រសួងទេសចរណ៍ទាំងអស់សរុបចំនួនប្រមាណ ៧០០នាក់

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ហួត ហាក់ បានផ្តល់អនុសាសន៍ណែនាំមួយចំនួនឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍គោរពវិន័យរបស់គណបក្សប្រឹងប្រែងសម្រេចកិច្ចការឱ្យអស់ពីសមត្ថភាពដោយឈរលើភាពស្មោះត្រង់និងស្មារតីបុរេសកម្ម សកម្ម និងអន្តរសកម្មគ្រប់ជាន់ថ្នាក់។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម ហួត ហាក់ បានគូសរំលេចអំពីទិសដៅសម្រាប់ឆ្នាំ២០២៦ ដោយទទួលបានគោលការណ៍ឯកភាពពីរាជរដ្ឋាភិបាល៖ ក្រសួងដាក់ចេញនូវ យុទ្ធសាស្ត្រគន្លឹះចំនួន ៦រួមមាន៖ ១). ការពង្រឹងយុទ្ធសាស្ត្រសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ឱ្យចំគោលដៅ ព្រមទាំងការលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ, ២). ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ឱ្យកាន់តែទូលំទូលាយ, ៣). ការសម្រួលការធ្វើដំណើរចូល-ចេញប្រទេសកម្ពុជានិង ជំរុញការតភា្ជប់ការធ្វើដំណើរ, ៤). ការពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍, ៥). ការអភិវឌ្ឍផលិតផលទេសចរណ៍កម្ពុជាឱ្យសម្បូរបែបនិងកាន់តែមានភាពទាក់ទាញ, និង៦). ការផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក, ការជំរុញចលនាទេសចរណ៍ក្នុងស្រុកនិងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍នៅតាមបណ្តាខេត្ត (១ ខេត្ត ១ ព្រឹត្តិការណ៍), ព្រឹត្តិការណ៍នៅថ្នាក់ជាតិ (បុណ្យទន្លេ, បុណ្យសមុទ្រ, បុណ្យអេកូទេសចរណ៍, បុណ្យភ្នំ) និង អន្តរជាតិ (កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី, កិច្ចប្រជុំកំពូលទេសចរណ៍ Gx Summit, ព្រឹត្តិការណ៍កីឡាទេសចរណ៍អន្តរជាតិ, តន្ត្រី K-pop,…)។

ឯកឧត្តម ហួត ហាក់ ក៏បានគូសរំលេចបន្ថែមថា ជាមួយនឹងយុទ្ធសាស្ត្រគន្លឹះសម្រាប់ឆ្នាំ២០២៦ ចំនួន ៦ ខាងលើនិងសសរស្តម្ភយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការទាំង៦, ក្រសួងទេសចរណ៍ ក៏បានដាក់ចេញនូវយុទ្ធនាការសំខាន់ៗមួយចំនួនទៀត សម្រាប់ឆ្នាំ ២០២៦ផងដែររួមមាន៖ ១). យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង (Green Season) ពីខែឧសភា ដល់ ខែតុលា, ២). គម្រោងសាកល្បងលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនរយៈពេល ៤ ខែ ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ (ពោលគឺក្នុងអំឡុងពេលនៃរដូវកាលបៃតង), ៣). យុទ្ធនាការរដូវកាលសាមគ្គីភាព (Solidarity Season) និង៤). យុទ្ធនាការផ្សព្វផ្សាយកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព។

វិមាន ៧មករា ព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦

Leave a Reply

Your email address will not be published. Required fields are marked *