ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បញ្ជាក់ថា សមាគមស៊ីក្លូកម្ពុជា ទទួលការយកចិត្តទុកដាក់ និងការឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន តាំងពីឆ្នាំ២០១៨ ដើម្បីគាំទ្រជីវភាព និងលើកទឹកចិត្តអ្នកធាក់ស៊ីក្លូ

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ សមាគមស៊ីក្លូកម្ពុជា ទទួលការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា តាំងពីឆ្នាំ២០១៨ មក រហូតដល់មានការឧបត្ថម្ភ និងជួយជ្រោមជ្រែងទាំងជីវភាព និងការលើកទឹកចិត្តដល់អ៊ំ ពូ បងៗដែលជាអ្នកស្រឡាញ់អាជីពធាក់ស៊ីក្លូនេះផងដែរ

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ជិះស៊ីក្លូពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្រោមពាក្យស្លោក៖ ផ្តល់ក្តីសង្ឃឹមដល់ស៊ីក្លូកម្ពុជា ដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតឆ្នាំ២០២៦ និងដើម្បីចូលរួមព្រឹត្តិការណ៍ទេសចរណ៍ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តស្ទឹងត្រែង និងមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងរួមគ្នា ក្រោមប្រធានបទ៖ «ស្ទឹងត្រែងលើសពីទន្លេ, លើសពីធម្មតា» នេះសបញ្ជាក់ឱ្យឃើញពីខេត្តស្ទឹងត្រែងមានសក្តានុពលទេសចរណ៍ដ៏ទាក់ទាញ ប្លែក និងសម្បូរបែប ព្រមទាំងដើម្បីជួយគាំទ្រដល់សមាគមស៊ីក្លូកម្ពុជាទៀតផង។

ក្នុងព្រឹត្តិការណ៍នាព្រឹកព្រលឹមដ៏ត្រជាក់ត្រជំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ហួត ហៃ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឯកឧត្តមអគ្គនាយក, លោកប្រធានមន្ទីរទែសចរណ៍ខេត្តស្ទឹងត្រែង, តំណាងមន្ទីរទេសចរណ៍រាជធានីភ្នំពេញ, លោកស្រី ឡុង សុខហ៊ួយ ប្រធានសមាគមស៊ីក្លូកម្ពុជា, មន្ត្រីរាជការនៃក្រសួងទេសចរណ៍ ព្រមទាំងអ៊ំ ពូ បងៗដែលជាអ្នកធាក់ស៊ីក្លូសរុបប្រមាណ ១០០នាក់។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនាព្រឹកដ៏ត្រជាក់នៃសន្តិភាព គឺដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតឆ្នាំ២០២៦ ដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតអបអរសាទរកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិលមិញនេះ ដែលតាមរយៈសារលិខិតនេះបានសង្កត់ធ្ងន់ជាមួយនឹងការអំពាវនាវលើកទឹកចិត្តដល់គ្រប់ផ្នែក គ្រប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន លំនៅដ្ឋាន រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍គ្រប់ទីកន្លែងទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យយកចិត្តលើភាពស្អាត សោភ័ណភាព សេវាកម្មល្អ និងបដិសណ្ឋារកិច្ចល្អ ពោលគឺនេះបានបង្ហាញអំពីសក្តានុពល កិត្យានុភាពពីកិត្តិនាមរបស់កម្ពុជាទៅកាន់ពិភពលោក និងដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិគ្រប់ទិសទីទាំងអស់នៅលើពិភពលោកឱ្យអញ្ជើញមកទស្សនាសក្តានុពលទេសចរណ៍កម្ពុជាដ៏សម្បូរបែប។

រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦

Leave a Reply

Your email address will not be published. Required fields are marked *