ព្រឹត្តិការណ៍ពិព័រណ៌ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម មិនត្រឹមតែបង្ហាញផលិតផល និងសេវាកម្មទេ ប៉ុន្តែថែមទាំងលើកស្ទួយសក្តានុពលទេសចរណ៍ សេដ្ឋកិច្ច និងវប្បធម៌របស់កម្ពុជា

ព្រឹត្តិការណ៍ពិព័រណ៌ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម មិនផ្តោតត្រឹមតែការតាំងបង្ហាញនូវផលិតផល និងសេវាកម្មប៉ុណ្ណោះទេ ថែមទាំងជាព្រឹត្តិការណ៍ដែលបង្ហាញនូវតំបន់សក្តានុពលទេសចរណ៍ សេដ្ឋកិច្ច និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៌ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម ក្រោមប្រធានបទ «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» ដែលព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ (ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦)។ ព្រឹត្តិការណ៍នេះរៀបចំឡើងដើម្បីទាក់ទាញទេសចរឱ្យមកសម្រាកកម្សាន្ត និងស្នាក់នៅបានយូរ ជំរុញការផ្សព្វផ្សាយសក្តានុពលទាក់ទាញទេសចរតំបន់ឆ្នេរ, ជំនួបរវាងផលិតករជាមួយអ្នកប្រើប្រាស់ ប្រតិបត្តិករទេសចរណ៍ និងការបង្កើតឱកាសដល់អ្នកវិនិយោគ ក៏ដូចជាប្រាស័យទាក់ទង (Networking) ផងដែរ។

ក្នុងពិធីដ៏សែនមនោរម្យនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី តំណាងក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិយ៉ាងច្រើនកុះក សរុបប្រមាណជាង៨០០ នាក់។

ឆ្លៀតក្នុងឱកាសពោរពេញក្តីសោមនស្សរីករាយនេះ ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមអបអរសាទរចំពោះសមិទ្ធផលជាច្រើនដែលខេត្តព្រះសីហនុ សម្រេចបាននាពេលកន្លងមក ក្នុងនោះរួមមាន៖ ជ័យលាភីជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី, ជ័យលាភីផ្ការំដួល៣ទង នៅក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត និងកាលពីថ្មីៗនេះ កាលពីថ្ងៃទី៣០ ខែមករា ក្នុងអំឡុងវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៦ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ឯកឧត្តមរដ្ឋមន្ត្រី ក៏មានមោទនភាពដែលបានផ្តល់ជ័យលាភី ដែលកម្ពុជាឈ្នះពានរង្វាន់ស្តង់ដាទេសចរណ៍អាស៊ានចំនួន២៧ ក្នុងនោះខេត្តព្រះសីហនុ ឈ្នះពានរង្វាន់៖ ជ័យលាភីជាទីក្រុងស្អាតអាស៊ាន, ពានរង្វាន់បន្ទប់ប្រជុំស្អាតអាស៊ាន, ពានរង្វាន់ទីតាំងពិព័រណ៍ស្អាតអាស៊ាន, ពានរង្វាន់ទីតាំងសន្និសិទស្អាតអាស៊ាន, ពានរង្វាន់ការអនុវត្តទីក្រុងប្រកបដោយចីរភាពអាស៊ាន។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងគូសរំលេចពីភាពសម្បូរបែបនៃធនធាន វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិនៅតាមបណ្តាឆ្នេរសមុទ្រ និងកោះនានា គឺជាឧត្តមភាពប្រកួតប្រជែងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងបានធ្វើឱ្យតំបន់ឆ្នេរសមុទ្រកម្ពុជា ទទួលបានប្រជាប្រិយភាព ព្រមទាំងមានកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាបន្តបន្ទាប់ឥតដាច់ និងចូលរួមចំណែកធ្វើឱ្យតំបន់ឆ្នេរសមុទ្រកម្ពុជា ក្លាយជាប៉ូលសេដ្ឋកិច្ចទី២ បន្ទាប់ពីរាជធានីភ្នំពេញ ស័ក្តិសមនឹងកិត្តិនាម «តារារះនាទិសនរតី» និងសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក។ ជាពិសេសការសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយប្រែក្លាយក្រុងព្រះសីហនុ ទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់ ជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងការការពារបរិស្ថានប្រកបដោយនិរន្តរភាព។

ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្រៅពីតំបន់ឆ្នេរ កម្ពុជាមានសក្ដានុពលទេសចរណ៍ធំធេងណាស់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ ដែលរួមមានអច្ឆរិយភាពវប្បធម៌ និងអច្ឆរិយភាពធម្មជាតិ និងផលិតផលទេសចរណ៍សម្បូរបែប ក្នុងនោះមានដូចជា៖ ទេសចរណ៍បេតិកភណ្ឌវប្បធម៌, ប្រវត្តិសាស្រ្ត, ធម្មជាតិ, អេកូទេសចរណ៍និងទេសចរណ៍សហគមន៍, ទេសចរណ៍សមុទ្រ, ទេសចរណ៍តាមដងទន្លេ, ទេសចរណ៍ជនបទនិងកសិ-ទេសចរណ៍, ទេសចរណ៍ធុរកិច្ច, ទេសចរណ៍កីឡា, ទេសចរណ៍ម្ហូបអាហារ (ប្រចាំខេត្ត, តំបន់), ទេសចរណ៍បែបផ្សងព្រេង, ទេសចរណ៍ម៉ាយ(MICE Tourism) ។ល។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសរំលេចបន្ថែមថា វិស័យទេសចរណ៍ ជាវិស័យដែលមានភាពប្រទាក់ក្រឡា ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគី ទាំងរដ្ឋនិងឯកជន, ទាំងថ្នាក់ជាតិ, ក្រោមជាតិ, និងកិច្ចសហការអន្តរជាតិ ដោយឈរលើអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» និងគោលការណ៍គ្រឹះ «ទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី», និងដើម្បីរក្សាឧត្តមភាពប្រកួតប្រជែងខ្ពស់ជាងមុន និងរក្សាកេរ្តិ៍ឈ្មោះកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្តល់ភាពកក់ក្តៅ ស្អាត និងបៃតង (Cambodia is a safe, warm, clean and green destination)។

ខេត្តព្រះសីហនុ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦

Leave a Reply

Your email address will not be published. Required fields are marked *