រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថាចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នេះកម្ពុជានឹងគ្របដណ្ដប់ដោយផ្ទៃមេឃស្រឡះល្អ និងគ្មានភ្លៀងនៅទូទាំងប្រទេស។
ស្ថានភាពអាកាសធាតុបែបនេះគឺពិតជាពិសេសសម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរកម្សាន្ត ប៉ុន្តែត្រូវត្រៀមចិត្តទទួលយកកម្ដៅថ្ងៃបន្តិចព្រោះសីតុណ្ហភាពអតិបរមាអាចហក់ឡើងដល់ ៣៤°C នៅតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ។ ដោយឡែកសម្រាប់អ្នកនៅតំបន់ខ្ពង់រាប និងតាមជួរភ្នំ នឹងអាចរំពឹងទុកនូវខ្យល់ត្រជាក់បក់មកតិចៗនៅពេលព្រឹកព្រលឹម ជាមួយនឹងសីតុណ្ហភាពទាបបំផុត ២១°C។ ចំណែកឯអ្នកដែលគ្រោងទៅលេងសមុទ្រវិញ គឺពិតជាល្អប្រសើរ ព្រោះកម្ពស់រលកមានកម្រិតទាបត្រឹម ០,៥០ ទៅ ១,០០ ម៉ែត្រប៉ុណ្ណោះ ដែលផ្ដល់សុវត្ថិភាពខ្ពស់សម្រាប់ការជិះទូកកម្សាន្ត៕



