[English Below]
ក្រសួងទេសចរណ៍កម្ពុជា និងសាលាទេសចរណ៍វៀតណាមសហការរួមគ្នាបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ឱ្យបានឈានមុខគេ និងកម្រិតអន្តរជាតិ
ក្នុងឱកាសអមដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងដោយទទួលបានគោលការណ៍អនុញ្ញាត ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមក្នុងទស្សនកិច្ចសាលាទេសចរណ៍ហាណូយ ដើម្បីដកស្រង់បទពិសោធ និងការបង្កើតកាលានុវត្តភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍រវាងប្រទេសកម្ពុជា និងវៀតណាម។
ក្នុងជំនួបពិភាក្សាប្រកបដោយផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្ត្រី បានពិភាក្សាការងារ និងផ្លាស់ប្តូរទស្សនៈជាមួយលោក Bùi Tất Hiếu សាកលវិទ្យាធិការស្តីទីនៃសាលាទេសចរណ៍ហាណូយ លើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងមហាវិទ្យាល័យទេសចរណ៍ហាណូយ ជាមួយសាលាវិជ្ជាជីវៈទេសចរណ៍ និងវិទ្យាស្ថានជាតិទេសចរណ៍ តាមរយៈការរៀបចំអនុស្សរណៈយោគយល់គ្នា (MoU) នាពេលខាងមុខ។
ឆ្លៀតក្នុងឱកាសដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញទស្សនាកន្លែងអនុវត្តជាក់ស្តែងរបស់និស្សិតដែលកំពុងសិក្សានៅសាលា ជាពិសេសសាលបណ្តុះបណ្តាលអនុវត្តក្នុងការរៀបចំ និងចម្អិនម្ហូបអាហារ ដែលបង្ហាញពីសមត្ថភាពបណ្តុះបណ្តាលជាក់ស្តែងក្នុងវិស័យបដិសណ្ឋារកិច្ច។
ជាមួយគ្នានេះ ភាគីខាងសាលាទេសចរណ៍ហាណូយ ក៏បានបង្ហាញការប្តេជ្ញាចិត្តក្នុងការចូលរួមពង្រឹងសមត្ថភាពធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយផ្តល់ការគាំទ្រលើការបណ្តុះបណ្តាលដល់និស្សិត និងមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ព្រមទាំងផ្តល់គ្រូឧទ្ទេស និងអ្នកជំនាញចូលរួមក្នុងសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលនានានៅកម្ពុជា ព្រមទាំងមានការពិភាក្សាលើការរៀបចំកម្មវិធីស្រាវជ្រាវរួម និងការផ្លាស់ប្តូរសិស្ស-និស្សិតទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។
ទន្ទឹមនឹងនេះដែរ ភាគីទាំងពីរ បានឯកភាពបន្តពង្រឹងយន្តការសហប្រតិបត្តិការឱ្យមានប្រសិទ្ធភាព និងជាក់ស្តែង ដោយចាត់តាំងក្រុមការងារបច្ចេកទេសរៀងៗ ខ្លួន ដើម្បីរៀបចំផែនការសកម្មភាពអនុវត្ត និងព្រាងខ្លឹមសារអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីចុះហត្ថលេខានាពេលខាងមុខ។ ភាគីទាំងពីរ បានបញ្ជាក់នូវការប្តេជ្ញាចិត្តរួមក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលធនធានមនុស្សទេសចរណ៍ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងការបង្កើនភាពប្រកួតប្រជែងក្នុងតំបន់។
សូមជម្រាបជូនថា សាលាទេសចរណ៍ហាណូយ គឺជាគ្រឹះស្ថានបណ្តុះបណ្តាលទេសចរណ៍ដំបូងបង្អស់នៅវៀតណាម ដែលបានបើកដំណើរការនៅឆ្នាំ១៩៧២ ដោយផ្តល់ការបណ្តុះបណ្តាលលើជំនាញវិជ្ជាជីវៈទេសចរណ៍សំខាន់ៗ ចំនួន ៩ និងមាននិស្សិតចូលសិក្សាប្រមាណ ២,០០០ នាក់ក្នុងមួយឆ្នាំ។
រដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។
Ministry of Tourism of Cambodia and Hanoi Tourism College to Cooperate on Human Resource Development in the Tourism Sector to be outstanding and international standard
On the occasion of accompanying the Official Visit of Samdach Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, to the Socialist Republic of Viet Nam (SRV) and with high permission, H.E. Mr. Huot Hak, Minister of Tourism, attended a visit to the Hanoi Tourism College; to exchange experiences and seize opportunities to strengthen cooperation in tourism human resource development between Cambodia and Vietnam.
During the fruitful meeting, H.E. Minister held discussions and exchanged views with Mr. Bùi Tất Hiếu, Acting Rector of Hanoi Tourism College, on strengthening cooperation between Hanoi Tourism College, the National Institute of Tourism, and Vocational School of Tourism (VST) through signature of the Memorandum of Understanding (MoU) in the future.
On this occasion, H.E. Minister also inspect the college’s practical training facilities, particularly the hands-on training kitchens where students are trained in food preparation and culinary arts, showcasing the institution’s strong practical training capacity in the hospitality sector.
In addition, Hanoi Tourism College expressed its commitment to contributing to the strengthening of human resource capacity in the tourism sector. The institution will provide training support for Cambodian students and officials from the Ministry of Tourism of Cambodia, as well as dispatch trainers and experts to participate in seminars and training programs in Cambodia; as well as to discuss potential collaboration in joint research programs and student exchange initiatives between the two countries.
In conclusion, both parties agreed to further strengthen the cooperation mechanism by assigning technical working groups on each side to develop an action plan and draft the MoU to sign as soon as possible. They also reaffirmed their shared commitment to enhancing and expanding cooperation in tourism human resource development, aiming to improve tourism service quality, promote sustainable tourism development, and increase regional competitiveness.
It is to note that Hanoi Tourism College is the first tourism training institution in Vietnam, established in 1972, offering vocational training in nine key tourism disciplines and enrolling approximately 2,000 students annually.
Hanoi capital, Socialist Republic of Viet Nam (SRV), on 09 June 2026.



