[English Below]
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) និងក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) និងក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ក្នុងគោលបំណងដើម្បីជំរុញការផ្សព្វផ្សាយបន្ថែមអំពីសក្តានុពលនៃគោលដៅទេសចរណ៍របស់ប្រទេសកម្ពុជា ឱ្យកាន់តែទូលំទូលាយទៅកាន់ភ្ញៀវទេសចរអន្តរជាតិ និងលើកកម្ពស់កិត្តិនាមនៃព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ។
ក្នុងពិធីដ៏មានសារៈសំខាន់នាព្រឹកនេះ មានការអញ្ជើញចូលរួមពីលោក ណម វិស្សុត នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Air Asia Cambodia, ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា សមាជិក សមាជិកា ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា, ឯកឧត្តម គឹម មិនា នាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា, ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី មានជំនឿ និងក្តីរំពឹងយ៉ាងមុតមាំថា ការចុះហត្ថលេខា នាថ្ងៃនេះ គឺជាសក្ខីភាពដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ប្រកបដោយផ្លែផ្កា និងមានប្រសិទ្ធភាពខ្ពស់ ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិឱ្យកាន់តែច្រើនមកទស្សនាព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យទេសចរណ៍ និងជំរុញកំណើនសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។
ស្ថិតក្រោមបរិយាកាសដ៏មានអត្ថន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទំនុកចិត្ត និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ក្នុងការជំរុញកំណើនឧស្សាហកម្មទេសចរណ៍នៅកម្ពុជា ក៏ដូចជាការចូលរួមឧបត្ថម្ភគាំទ្រដល់មហាគ្រួសារវិស័យទេសចរណ៍កម្ពុជា នៅគ្រប់ព្រឹត្តិការណ៍ យុទ្ធនាការ និងកម្មវិធីនានាជាច្រើន នាពេលកន្លងមក។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា ភាពជាដៃគូជាមួយ AirAsia Cambodia ក៏បានឆ្លុះបញ្ចាំងបន្ថែមអំពីទំនុកចិត្តរយៈពេលវែង និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការវិនិយោគរបស់ក្រុមហ៊ុន មកលើវិស័យទេសចរណ៍ និងអាកាសចរណ៍របស់កម្ពុជាផងដែរ តាមរយៈការពង្រីកបណ្តាញហោះហើរ បង្កើតផ្លូវធ្វើដំណើរថ្មីៗ ការបង្កើតឱកាសការងារ និងពង្រឹងការតភ្ជាប់របស់ប្រទេសកម្ពុជាជាមួយទីផ្សារសំខាន់ៗ ក្នុងតំបន់ និងអន្តរជាតិ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចសហការរវាង CTB និង AirAsia Cambodia នាថ្ងៃនេះ គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់មួយ ក្នុងការបន្តពង្រឹងកិត្តិនាមព្រះរាជាណាចក្រកម្ពុជា ឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយម ប្រកបដោយភាពទាក់ទាញ ការប្រកួតប្រជែងខ្ពស់ និងឈានមុខនៅក្នុងតំបន់។
ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមថា តាមរយៈកិច្ចព្រមព្រៀងនេះ យើងបានច្របាច់បញ្ចូលគ្នានូវចំណុចខ្លាំងក្នុងការធ្វើទីផ្សារគោលដៅ ការតភ្ជាប់ និងការផ្សព្វផ្សាយឌីជីថល ដើម្បីផ្សព្វផ្សាយប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍ មានសុវត្ថិភាព សន្តិសុខ និងស្ថិរភាព មានវប្បធម៌ អរិយធម៌ដ៏យូរលង់ ពោរពេញដោយសម្បត្តិបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រ គួបផ្សំនឹងធម្មជាតិស្រស់ស្អាត បដិសណ្ឋារកិច្ចដ៏កក់ក្តៅ ម្ហូបអាហារសម្បូរបែប ស្នាមញញឹមនិងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា រង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ ពីគ្រប់ទិសទី ជាពិសេសភ្ញៀវទេសចរមកពីប្រទេសអូស្ត្រាលី និងឥណ្ឌា ដែលជាគោលដៅទីផ្សារនៃកិច្ចសហប្រតិបត្តិការរវាង CTB និង AirAsia។
ជាការពិតណាស់ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ប្រទេសអូស្ត្រាលី និងឥណ្ឌា គឺជាទីផ្សារទេសចរណ៍យុទ្ធសាស្ត្រដ៏មានសក្តានុពល និងមានកំណើនគួរឱ្យកត់សម្គាល់សម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ភ្ញៀវទេសចរមកពីប្រទេសទាំងពីរនេះ កំពុងមានចំណាប់អារម្មណ៍កាន់តែខ្លាំងលើបទពិសោធវប្បធម៌ដ៏សម្បូរបែប គោលដៅទេសចរណ៍បេតិកភណ្ឌ ទេសចរណ៍សុខុមាលភាព (Wellness Tourism) និងម្ហូបអាហារដ៏សម្បូរបែប ដែលកម្ពុជាមានសក្តានុពល និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការបំពេញតាមសេចក្តីត្រូវការ និងការផ្តល់ជូនភ្ញៀវទេសចរ នូវបទពិសោធដ៏វិសេសវិសាល និងមិនអាចបំភ្លេចបាន។
រាជធានីភ្នំពេញ ព្រឹកថ្ងៃ៣០ ខែឧសភា ឆ្នាំ២០២៦
Memorandum of Understanding (MoU) Signing Ceremony Between the Cambodia Tourism Board (CTB) and AirAsia Cambodia
H.E. HUOT Hak, Minister of Tourism, presided over the signing ceremony of a Memorandum of Understanding (MoU) between the Cambodia Tourism Board (CTB) and AirAsia Cambodia. The partnership aims to further promote Cambodia’s tourism potential to a wider international audience and enhance the Kingdom’s reputation on the global stage.
The ceremony, held this morning, was attended by Mr. Nam Vissoth, Chief Executive Officer of AirAsia Cambodia; distinguished members of the Cambodia Tourism Board, including senior government officials, Neak Oknhas, Oknhas, and private sector representatives; H.E. Kim Minea, Chief Executive Officer of the Cambodia Tourism Board; as well as numerous distinguished guests.
In his remarks, H.E. the Minister expressed his strong confidence and optimism that today’s signing marks an important milestone in a robust, fruitful, and highly effective partnership. He emphasized that this collaboration will play a significant role in attracting more international visitors to Cambodia, thereby contributing to the development of the tourism sector and fostering greater socio-economic growth for the Kingdom.
On this meaningful occasion, H.E. the Minister conveyed his profound appreciation for the trust and commitment demonstrated by AirAsia Cambodia in supporting the growth of Cambodia’s tourism industry. He also acknowledged the airline’s continued sponsorship and active participation in numerous tourism events, campaigns, and programs organized by Cambodia’s tourism family over the years.
H.E. The Minister further noted that the partnership with AirAsia Cambodia reflects the company’s long-term confidence and strong commitment to investing in Cambodia’s tourism and aviation sectors. This commitment is demonstrated through the expansion of flight networks, the creation of new travel routes, the generation of employment opportunities, and the strengthening of Cambodia’s connectivity with key regional and international markets.
At the same time, H.E. the Minister underscored that the collaboration between CTB and AirAsia Cambodia represents a strategic step forward in reinforcing Cambodia’s image as a highly attractive, competitive, and leading tourism destination in the region.
H.E. the Minister highlighted that this agreement combines the strengths of destination marketing, connectivity, and digital promotion to showcase Cambodia as a safe, secure, and stable destination with a rich cultural and civilizational heritage, outstanding historical and cultural assets, breathtaking natural beauty, warm hospitality, diverse cuisine, and the friendliness and welcoming spirit of the Cambodian people. These unique qualities continue to attract international visitors from around the world, particularly from Australia and India, the two priority target markets under the CTB–AirAsia partnership.
H.E. the Minister emphasized that Australia and India are strategic tourism markets with tremendous potential and remarkable growth prospects for Cambodia. Travelers from these two countries are increasingly seeking authentic cultural experiences, heritage tourism destinations, wellness tourism opportunities, and diverse culinary experiences—areas in which Cambodia possesses strong competitive advantages and is fully prepared to meet visitor expectations by offering exceptional and unforgettable travel experiences.
Phnom Penh, Morning of 30 May 2026.



