ក្រសួងទេសចរណ៍និងរដ្ឋបាលខេត្តពោធិ៍សាត់សហការជាមួយវិស័យឯកជនបន្តជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្រិតខ្ពស់ក្នុងខេត្តពោធិ៍សាត់តាមរយៈដំណើរទស្សនកិច្ចសិក្សានៅរមណីយដ្ឋានទេសចរណ៍ Samanea Wellness Resort

[English Below]
ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយវិស័យឯកជន បន្តជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្រិតខ្ពស់ក្នុងខេត្តពោធិ៍សាត់ តាមរយៈដំណើរទស្សនកិច្ចសិក្សានៅរមណីយដ្ឋានទេសចរណ៍ Samanea Wellness Resort

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តពោធិ៍សាត់ ព្រមទាំងវិស័យឯកជន បានប្តេជ្ញារួមគ្នាក្នុងការជំរុញ និងអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តពោធិ៍សាត់ ដើម្បីប្រែក្លាយទៅជាគោលដៅទេសចរណ៍កម្រិតខ្ពស់ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ការអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍ Samanea Wellness Resort គឺជាផលិតផលទេសចរណ៍ថ្មីមួយបន្ថែមទៀត និងជាតម្លៃបន្ថែមខ្ពស់សម្រាប់ខេត្តពោធិ៍សាត់ ក៏ដូចជាសម្រាប់ប្រទេសកម្ពុជាទាំងមូល ពោលគឺក្រុមហ៊ុនបានចូលរួមថែរក្សា និងអភិរក្សសក្តានុពលធនធានធម្មជាតិបានយ៉ាងស្រស់បំព្រង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្របតាមទស្សនាទាន «ការអភិរក្ស បម្រើឱ្យការអភិវឌ្ឍ ការអភិវឌ្ឍ បម្រើឱ្យការអភិរក្ស»។

ក្នុងដំណើរបេសកកម្មនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ រួមជាមួយឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចសិក្សា និងពិនិត្យស្ថានភាពអភិវឌ្ឍន៍ជាក់ស្តែងនៅរមណីយដ្ឋានទេសចរណ៍ Samanea Wellness Resort ដែលជារមណីយដ្ឋានទេសចរណ៍កែច្នៃដ៏ស្រស់ស្អាតក្នុងទឹកដីខេត្តពោធិ៍សាត់។ ការវិនិយោគនេះ គឺជាស្នាដៃ និងគំនិតច្នៃប្រឌិតរបស់វិនិយោគិនខ្មែរ ដែលបង្ហាញពីសក្តានុពលរបស់វិស័យឯកជននៅកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយគុណភាព និងនិរន្តរភាព ក្រោមទិសស្លោក «ខ្មែររួមគ្នា ខ្មែរខ្លាំង»។ ដំណើរទស្សនកិច្ចនេះ ក៏បានឆ្លុះបញ្ចាំងពីការបន្តជំរុញនូវចក្ខុវិស័យរបស់ក្រសួងទេសចរណ៍ ក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍កម្រិតខ្ពស់ និងទេសចរណ៍សុខុមាលភាពនៅកម្ពុជា ស្របនឹងដំណើរទស្សនកិច្ចសិក្សារបស់ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ កន្លងមកទៅកាន់កោះទទឹង រីស្សត ក្នុងខេត្តកោះកុង ដែលបានបង្ហាញពីសក្តានុពលដ៏ធំធេងនៃទេសចរណ៍ធម្មជាតិ ទេសចរណ៍ប្រណិតនៅតំបន់ឆ្នេរ និងតំបន់អេកូទេសចរណ៍របស់កម្ពុជា។ ការរីកចម្រើននៃរមណីយដ្ឋានទេសចរណ៍បែបនេះ បានបង្ហាញពីការកើនឡើងនៃការវិនិយោគលើវិស័យទេសចរណ៍ប្រកបដោយគុណភាព ដែលផ្តោតលើបទពិសោធន៍ ភាពឯកជន សុខុមាលភាព និងការរស់នៅជិតស្និទ្ធជាមួយធម្មជាតិ។

គណៈប្រតិភូបានចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅលើរមណីយដ្ឋានទេសចរណ៍ Samanea Wellness Resort រួមមាន វីឡាលំហែប្រណិត កន្លែងហាត់ប្រាណ និងយូហ្គា អាងហែលទឹក កសិដ្ឋានដំណាំធម្មជាតិ និងភោជនីយដ្ឋាន ដែលត្រូវបានរៀបចំតាមលក្ខណៈស្តង់ដាខ្ពស់ សម្រាប់បម្រើតម្រូវការភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានវិនិយោគ និងអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍ Samanea Wellness Resort ឱ្យក្លាយជារមណីយដ្ឋានទេសចរណ៍ប្រណិត មានសក្តានុពលខ្ពស់ក្នុងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ និងចូលរួមលើកកម្ពស់មុខមាត់វិស័យទេសចរណ៍កម្ពុជា។

តាមរយៈដំណើរទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ តំណាងសមាគមក្នុងឧស្សាហកម្មទេសចរណ៍កម្ពុជា រួមមាន CATA, CTF និង PATA ព្រមទាំងអ្នកផលិតមាតិកាជាតិ និងអន្តរជាតិ សរុបប្រមាណ ៧០នាក់។

សូមបញ្ជាក់ផងដែរថា រមណីយដ្ឋានទេសចរណ៍ Samanea Wellness Resort មានវីឡាឯកជនចំនួន ៣២ ដែលត្រូវបានរចនាឡើងសម្រាប់ភាពឯកជន ផាសុកភាព និងការតភ្ជាប់យ៉ាងជិតស្និទ្ធជាមួយធម្មជាតិ។ ភ្ញៀវទេសចរ អាចរីករាយជាមួយបទពិសោធន៍សុខុមាលភាព ការទទួលទានអាហារដ៏មានជីវជាតិ ផ្លូវដើរក្នុងព្រៃ ទឹកជ្រោះ កសិដ្ឋានដំណាំធម្មជាតិ និងដំណើរកម្សាន្តខាងក្រៅ ដែលមានមគ្គុទ្ទេសក៍នាំផ្លូវ អមដោយសម្រស់នៃតំបន់ភ្នំក្រវាញលាតត្រដាងដោយធម្មជាតិ។ រីស្សតនេះ ក៏បានចូលរួមគាំទ្រដល់សហគមន៍មូលដ្ឋាន តាមរយៈការផ្តល់ការងារ និងការបណ្តុះបណ្តាលជំនាញ ព្រមទាំងកម្មវិធីសិក្សាភាសាអង់គ្លេស ដើម្បីលើកស្ទួយចំណេះដឹង និងបង្កើនសមត្ថភាពប្រជាពលរដ្ឋក្នុងសហគមន៍ ឱ្យរីកចម្រើនជាមួយវិស័យទេសចរណ៍របស់កម្ពុជា។

ខេត្តពោធិ៍សាត់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦

The Ministry of Tourism and Pursat Provincial Administration, in collaboration with the private sector, continue to promote the development of high-end tourism in Pursat Province through a study visit to Samanea Wellness Resort

The Ministry of Tourism, the Pursat Provincial Administration, and private sector partners have reaffirmed their joint commitment to promoting and developing tourism in Pursat Province, with the vision of transforming the province into a high-end tourism destination capable of attracting both domestic and international visitors. The development of Samanea Wellness Resort represents an additional new tourism product and a high-value asset for Pursat Province as well as for Cambodia as a whole. The company has contributed significantly to the preservation and conservation of the area’s natural resources in a beautiful and sustainable manner, helping attract tourists while aligning with the vision: “Conservation serves development, and development serves conservation.”

During this mission, H.E. HUOT Hak, Minister of Tourism, and Lok Chumteav, together with H.E. Khoy Rida, Governor of the Board of Governors of Pursat Province, led a delegation on a study visit and inspection of the actual development progress at Samanea Wellness Resort, a beautifully transformed tourism resort located in Pursat Province. This investment reflects the creativity and vision of Cambodian investors and demonstrates the strong potential of Cambodia’s private sector in contributing to the development of tourism alongside the Royal Government of Cambodia in a quality and sustainable manner under the slogan “Khmer Together, Khmer Strong.”

This visit also reflected the Ministry of Tourism’s continued efforts to advance its vision for developing high-end tourism products and wellness tourism in Cambodia, following the recent study visit by H.E. Minister Huot Hak to Koh Tatueng Resort in Koh Kong Province, which highlighted the immense potential of Cambodia’s nature tourism, luxury tourism along coastal areas, and eco-tourism destinations. The growth of such resorts demonstrates the increasing investment in quality tourism focused on unique experiences, privacy, wellness, and close connection with nature.

The delegation inspected key infrastructure and facilities at Samanea Wellness Resort, including luxury private villas, fitness and yoga facilities, swimming pools, organic farms, and restaurants, all designed to meet high standards for serving both domestic and international tourists.

On this occasion, H.E. the Minister expressed appreciation and high regard for the company’s investment and development of Samanea Wellness Resort into a luxury tourism destination with strong potential to compete in the international market and contribute to enhancing the image of Cambodia’s tourism sector.

The study visit was attended by leaders from the Ministry of Tourism, leaders of Pursat Province, representatives from tourism industry associations in Cambodia including CATA, CTF, and PATA, as well as national and international content creators, with a total participation of approximately 70 delegates.

It should also be noted that Samanea Wellness Resort features 32 private villas designed to provide privacy, comfort, and a close connection with nature. Visitors can enjoy wellness experiences, nutritious cuisine, forest trails, waterfalls, organic farms, and guided outdoor excursions surrounded by the natural beauty of the Cardamom Mountains. The resort also supports local communities through employment opportunities, skills training programs, and English language education initiatives aimed at enhancing local knowledge and empowering community members to grow alongside Cambodia’s tourism sector.

Pursat Province, May 17, 2026.

Leave a Reply

Your email address will not be published. Required fields are marked *