ព្រឹត្តិការណ៍ជិះកង់ជុំវិញបឹងទន្លេសាបចម្ងាយ ១,២១២ គ.ម. គឺជាព្រឹត្តិការណ៍ទី១បន្ទាប់ពីពិធីប្រកាសបើកយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង (Green Season)

[English Below]
ព្រឹត្តិការណ៍ជិះកង់ជុំវិញបឹងទន្លេសាបចម្ងាយ ១,២១២ គ.ម. គឺជាព្រឹត្តិការណ៍ទី១បន្ទាប់ពីពិធីប្រកាសបើកយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង (Green Season)

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញទទួលជំនួបសម្ដែងការគួរសម និងផ្តល់កិត្តិយសបំពាក់មេដាយជូនប្រតិភូកីឡាករជាតិ និងអន្តរជាតិ ជិះកង់ចម្ងាយឆ្ងាយដែលទទួបានមេដាយ និងជាប់ក្នុងកំណត់ត្រាអ្នកជិះកង់ពិភពលោក “World Audax Record”។ កំណត់ត្រា “World Audax Record” គឺជាកម្មវិធីមួយមានគោលបំណងជ្រើសរើសអ្នកជិះកង់ដែលមានសមត្ថភាពពិតប្រាកដផ្អែកលើលើចម្ងាយផ្លូវ និងថិរវេលា ដែលកំណត់ដោយគណៈកម្មការ ដើម្បីជាប់ក្នុងកំណត់ត្រាអ្នកជិះកង់ពិភពលោក “World Audax Record” ។

សម្រាប់ព្រឹត្តិការណ៍ជិះកង់ដែលរៀបចំនៅកម្ពុជាលើកនេះ ក៏មានគោលបំណងជាក់លាក់ដើម្បីលើកកម្ពស់វិស័យកីឡាកម្ពុជាឱ្យឈានដល់កម្រិតស្តង់ដាអន្តរជាតិ ដោយផ្សារភ្ជាប់នឹងទេសចរណ៍ ហើយជាព្រឹត្តិការណ៍ទី១ (ចាប់ផ្តើមកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦) បន្ទាប់ពីពិធីប្រកាសបើកជាផ្លូវការ «យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង» ដែលមិនត្រឹមចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីវិស័យទេសចរណ៍ក្នុងរដូវកាលបៃតងប៉ុណ្ណោះទេ ថែមទាំងបង្កើនទំនាក់ទំនងមិត្តភាពរវាងប្រជាពលរដ្ឋ និងក្រុមអ្នកជិះកង់ជាតិ-អន្តរជាតិ តាមរយៈការចូលរួមរបស់ក្រុមអ្នកជិះកង់នៅតាមបណ្តារាជធានី ខេត្តនីមួយៗទៀតផង។

ថ្លែងក្នុងឱកាសដ៏មានតម្លៃនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា នេះគឺជាលើកទី១ក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលមានការរៀបចំព្រឹត្តិការណ៍ជិះកង់ចម្ងាយឆ្ងាយបំផុតបែបស្តង់ដាបច្ចេកទេសអន្តរជាតិ និងមិនធ្លាប់មានក្នុងកំណត់ត្រានៃការជិះកង់តាមរបៀបនៃការតស៊ូអត់ធ្មត់ (Endurance) នៅកម្ពុជា។

ទើបតែឆ្នាំ២០២៦ នេះទេ ដែលក្លឹបអ្នកជិះកង់អូដាកចម្រុះកម្ពុជា បានរៀបចំព្រឹត្តិការណ៍ជិះកង់ចម្ងាយឆ្ងាយ ដើម្បីជ្រើសរើសកីឡាករដែលមានសមត្ថភាពជិះកង់រហូតដល់ចម្ងាយ ១,២១២គ.ម. ដោយប្រើថិរវេលា ៩០ម៉ោង ហើយដែលមានអ្នកចុះឈ្មោះជិះកង់ប្រមាណ ១០០នាក់ ក្នុងនោះមានកីឡាករអន្តរជាតិចំនួន ៧ប្រទេសចូលរួម មានដូចជា៖ កាណាដាចំនួន ១នាក់ អាល្លឺម៉ង់ចំនួន ១នាក់ ឥណ្ឌាចំនួន ២នាក់ រុស្ស៊ីចំនួន ២នាក់ អាហ្រ្វិកខាងត្បូងចំនួន ១នាក់ ជប៉ុនចំនួន ១នាក់ និងម៉ាឡេស៊ីចំនួន ២នាក់។

សូមជម្រាបជូនថា គិតចាប់ពីឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៥ ក្លឹបអ្នកជិះកង់អូដាកចម្រុះកម្ពុជាបានរៀបចំព្រឹត្តិការណ៍ជិះកង់ចម្ងាយឆ្ងាយចំនួន ១៥លើករួចមកហើយ ដោយបានឆ្លងកាត់តាមបណ្តារាជធានី ខេត្តជុំវិញប្រទេសកម្ពុជា ហើយព្រឹត្តិការណ៍ខ្លះបានឆ្លងដល់ខេត្តឡុងអ៊ាន ប្រទេសវៀតណាម។ ដោយឡែកក្នុងឆ្នាំ២០២៦ ក្លឹបអ្នកជិះកង់អូដាកចម្រុះកម្ពុជាបានរៀបចំព្រឹត្តិការណ៍ជិះកង់ចម្ងាយឆ្ងាយចំនួន ៦លើក រួមមាន៖ ព្រឹត្តិការណ៍ជិះកង់ចម្ងាយឆ្ងាយ ២០០គ.ម. ៣០០គ.ម. ៤០០គ.ម. ៦០០គ.ម. ១០០០គ.ម. និងចម្ងាយ ១,២១២ គ.ម. នៅលើកនេះ ដែលទើបតែបានបញ្ចប់កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦៕

ទីស្តីការក្រសួងទេសចរណ៍ ព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦

 

The 1,212-kilometer cycling event around Tonle Sap Lake marks the first event following the official launch of the “Visit Cambodia in Green Season” campaign.

H.E. Huot Hak, Minister of Tourism, received a courtesy call and had the honor of presenting medals to national and international cyclists who successfully completed the long-distance ride and earned recognition in the prestigious “World Audax Record.”

The World Audax Record is a program designed to identify truly capable cyclists based on distance and time requirements set by the organizing committee, allowing successful participants to be recognized in the global World Audax Record.

This cycling event, organized in Cambodia, aims to elevate Cambodia’s sports sector to international standards while promoting tourism. It is also the first event held after the official launch of the “Visit Cambodia in Green Season” campaign on May 1, 2026. Beyond promoting green season tourism, the event also strengthens friendship and connections between local communities and national and international cyclists through participation across various provinces and cities throughout Cambodia.

Speaking on this meaningful occasion, H.E. Minister Huot Hak emphasized that this marks the first time in Cambodia’s history that an ultra-long-distance cycling event has been organized under international technical standards and represents an unprecedented endurance cycling achievement in the country.

Only in 2026 did the Cambodia Mixed Audax Cycling Club organize this long-distance cycling event to select athletes capable of completing the 1,212-kilometer challenge within 90 hours. Approximately 100 cyclists registered for the event, including participants from seven countries: Canada (1 cyclist), Germany (1), India (2), Russia (2), South Africa (1), Japan (1), and Malaysia (2).

From 2023 to 2025, the Cambodia Mixed Audax Cycling Club organized 15 long-distance cycling events, traveling across various provinces and cities throughout Cambodia, with some routes extending to Long An Province in Vietnam.

In 2026 alone, the club organized six endurance cycling events, including distances of 200 km, 300 km, 400 km, 600 km, 1,000 km, and the recent 1,212 km event, which concluded on May 4, 2026.

Ministry of Tourism Headquarters
Morning of May 5, 2026

Leave a Reply

Your email address will not be published. Required fields are marked *