ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យការពារជាតិនៃក្រសួងការពារជាតិ បានចុះអនុស្សរណយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំ សាស្ត្រាចារ្យ យោធាចារ្យ នាយទាហាន នាយទាហានរង ពលទាហាន និស្សិត និងសិក្ខាកាមនៃសាកលវិទ្យាល័យការពារជាតិ »

ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យការពារជាតិនៃក្រសួងការពារជាតិ បានចុះអនុស្សរណយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំ សាស្ត្រាចារ្យ យោធាចារ្យ នាយទាហាន នាយទាហានរង ពលទាហាន និស្សិត និងសិក្ខាកាមនៃសាកលវិទ្យាល័យការពារជាតិ »

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើ MOU រវាងក្រសួងទេសចរណ៍ ជាមួយសាកលវិទ្យាល័យការពារជាតិនៃក្រសួងការពារជាតិ ស្តីពី «កិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំ សាស្ត្រាចារ្យ យោធាចារ្យ នាយទាហាន នាយទាហានរង ពលទាហាន និស្សិត និងសិក្ខាកាមនៃសាកលវិទ្យាល័យការពារជាតិ» ដោយមានឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងក្រសួងទេសចរណ៍ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យការពារជាតិ តំណាងសាកលវិទ្យាល័យការពារជាតិ ជាអ្នកហត្ថលេខីលើអនុស្សរណៈនៃការយោគយល់នេះ។

ក្នុងពិធីដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដម នាយឧត្ដមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឯកឧត្តម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ និងក្រសួងទេសចរណ៍, ឯកឧត្ដម លោកជំទាវ លោក លោកស្រី គណៈគ្រប់គ្រងសាកលវិទ្យាល័យការពារជាតិ, លោក លោកស្រី សាស្ត្រាចារ្យ យោធាចារ្យ នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងលោក លោកស្រីមន្ត្រីរាជការនៃក្រសួងទេសចរណ៍សរុបប្រមាណ ៤០០នាក់។

ថ្លែងក្នុងពិធីដ៏សែនមនោរម្យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវសេចក្តីគោរពដឹងគុណ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ វីរកងទ័ពដ៏អង់អាចក្លាហាន វីរនគរបាលជាតិ ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន និងនៅទូទាំងប្រទេស ក្នុងបុព្វហេតុការពារសន្តិសុខ ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគោរពថ្លែងអំណរគុណដោយស្មោះ ចំពោះគំរូវីរភាព ទឹកចិត្តស្នេហាជាតិ ស្នេហាប្រជាជន ដោយការខិតខំប្ដូរផ្ដាច់ លះបង់សាច់ស្រស់ ឈាមស្រស់ ពលីកម្មតស៊ូ ក្នុងសមរភូមិ និងគ្រប់កាលៈទេសៈ តែងតែនៅជាប់ការពារប្រជាជន ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលនេះគឺគុណបំណាច់ដ៏ធំធេង និង ធ្វើឱ្យយើងខ្ញុំទាំងអស់គ្នាគោរពចងចាំជានិច្ច។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចថា អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាឯកសារដ៏មានសារៈសំខាន់ និងជាសក្ខីភាព នៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រមួយដែលផ្សារភ្ជាប់វិស័យទេសចរណ៍ ជាមួយនឹងគុណតម្លៃនៃការថែរក្សាសន្តិភាព ដែលបានបង្ហាញអំពីស្មារតីសហការយ៉ាងជិតស្និទ្ធ និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីសម្រេចឱ្យបាននូវគោលបំណងសំខាន់ៗចំនួន ២ រួមមាន៖ ទី១). ការបណ្ដុះបណ្ដាលកសាងសមត្ថភាព ចែករំលែកបទពិសោធ និងចំណេះដឹងអំពីវិស័យទេសចរណ៍ តាមរយៈបាឋកថា សិក្ខាសាលា ការបណ្តុះបណ្តាល និងការបញ្ជ្រាបចំណេះដឹងក្នុងកម្មវិធីសិក្សាយោធា និងទី២). ការជំរុញចលនាទេសចរណ៍ក្នុងស្រុក តាមរយៈការរៀបចំទស្សនកិច្ចសិក្សាទៅកាន់តំបន់ទេសចរណ៍នានា ដើម្បីលើកកម្ពស់គុណតម្លៃនៃមរតកវប្បធម៌ ប្រវត្តិសាស្ត្រ និងធនធានធម្មជាតិ ព្រមទាំងបំផុសទឹកចិត្ត «ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី» និង «ទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី»។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចបន្ថែមថា មូលដ្ឋានគ្រឹះដ៏រឹងមាំរបស់វិស័យទេសចរណ៍ គឺសន្តិសុខ និងសន្តិភាព ពោលគឺ វិស័យការពារជាតិ គឺជាសរស្ដម្ភគ្រឹះដ៏សំខាន់ ដើម្បីធានាថាប្រទេសជាតិមិនវិលត្រឡប់ទៅរកសង្រ្គាមស៊ីវិល ឬការបែកបាក់ដូចអតីតកាល និងការការពារកុំឱ្យមានការឈ្លានពានពីសំណាក់ខ្មាំងសត្រូវអមិត្តនានា។

តួយ៉ាង ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា បើគ្មានសន្តិភាព និងស្ថិរភាពផ្ទៃក្នុង ដែលត្រូវបានការពារយ៉ាងរឹងមាំដោយកងកម្លាំងប្រដាប់អាវុធទេ នោះការអភិវឌ្ឍលើវិស័យផ្សេងៗទៀតក៏មិនអាចប្រព្រឹត្តទៅបានយ៉ាងរលូន និងមានប្រសិទ្ធភាពឡើយ។ ពិតណាស់, សន្តិភាព គឺជាមូលដ្ឋានគ្រឹះសម្រាប់ការរីកចម្រើនសេដ្ឋកិច្ច សង្គម និងវប្បធម៌ ខណៈស្ថិរភាពជាតិ ជាធាតុផ្សំចាំបាច់សម្រាប់ការទាក់ទាញវិនិយោគ និងភ្ញៀវទេសចរ។

ក្នុងបរិបទនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា វិស័យទេសចរណ៍ និងវិស័យការពារជាតិ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងអាចបំពេញឱ្យគ្នាទៅវិញទៅមក ក្នុងន័យនេះ អនុស្សរណៈនៃការយោគយល់គ្នាដ៏មានអត្ថន័យនេះ មិនត្រឹមតែជាឯកសារផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពនៃទស្សនវិស័យរួម និងឆន្ទៈរួម ក្នុងការសហការយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងវិស័យការពារជាតិឱ្យឈានឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន។

រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦

Leave a Reply

Your email address will not be published. Required fields are marked *